មន្ត្រី​ទទួលបន្ទុក​កុមា​រៈ សូមអ្នក​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ចំពោះ កុមារ គ្រប់​វិនាទី បើ​ត្រូវការ ជំនួយ​កុមារ សូម​ទាក់ទង​លេខ 12 80

126
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ តាមរយៈ​បណ្តាញ តេ​ឡេ​ហ្ក្រា​ម នា​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ នេះ លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ក្រើនរំឭក​យ៉ាងទទូច​ដល់​អ្នកពាក់ព័ន្ធ ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព កុមារ ថា “ សូម​មាតាបិតា អាណាព្យាបាល និង អាជ្ញាធរ ទាំង​អងស់ ជាពិសេស​នៅ​តំបន់​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង តំបន់​ដែល​កំពុង​ប្រឈម នឹង​គ្រោះទឹកជំនន់ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ជាពិសេស​ចំពោះ​សុវត្ថិភាព​របស់​កុមារ ដូចជា​ត្រូវ​រក​ទីទួល​សុវត្ថិភាព កុំ​ទុក​កុមារ​ឱ្យនៅ​ម្នាក់ឯង កុំឱ្យ​កុមារ​ទៅណា មក​ណា​ម្នាក់ឯង កុំឱ្យ​កុមារ​លេង​កន្លែង​ដី​បាក់ កុំឱ្យ​កុមារ​លេង​ទឹក កុំ​បណ្តោយឱ្យ​កុមារ​ដើរ​បេះ​បន្លែ​ផ្លែឈើ ឬ នេសាទ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​គ្រប់​ប្រភេទ ( ពល់ ខ្ទួយ ក្អែប ជាដើម ) ប្រុងប្រយ័ត្ន​ចំពោះ​ខ្សែភ្លើង ពេលធ្វើ​ដំណើរ​តាម​ទូក ឬ កាណូត ត្រូវមាន​អាវ​សុវត្ថិភាព ឬ ពោះវៀន ( ឡាន ម៉ូតូ ) ហើយ​ជាពិសេស​នៅពេល មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំនួយ​អន្តរាគមន៍​សម្រាប់​កុមារ សូម​ទំនាក់​ទំនាក់ទំនង​មក​លេខ​បន្ទាន់ 12 80 “ ។

លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​ជាការ​កត់សម្គាល់ ប៉ុន្មាន​ថ្ងៃមុន​នេះ នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ ក្រសួង​សង្គមកិច្ច ក៏​បានចេញ​សេចក្តីណែនាំ​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​របស់​កុមារ រួចមកហើយ ដែល​បានសេចក្តីថា តាមរយៈ រស្មី​កម្ពុជា នាពេលនេះ គឺជា​ការ​ក្រើនរំឭក​បន្ថែម ហើយ​នោះ ក៏​ជាការ​បញ្ជាក់ថា​អ្នកពាក់ព័ន្ធ​ទាំងឡាយ មាន​នាយកដ្ឋាន​សុខុមាលភាព កុមារ ជាដើម សុទ្ធតែ​បាន និង កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​របស់ កុមារ នៅក្នុង​ដំណាក់​កាលដែល កម្ពុជា កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់​នេះ ។​


​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ ក៏បាន​ក្រើនរំឭក​ដល់​មាតាបិតា អាណាព្យាបាល និង អ្នកធ្វើការ​ជាមួយ​កុមារ​ទាំងអស់ ឱ្យ​គិតគូរ​យកចិត្តទុកដាក់​ផងដែរ ដើម្បី បញ្ចៀស​នូវ​បញ្ហា​សុខភាព​របស់​កុមារ ដូចជា​ត្រូវ​ទទួលទាន​ទឹកស្អាត ឬ ទឹក​ឆ្អិន ដាំ​ពុះ និង បរិភោគ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អជា​ដើម ។​

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ ( រូបៈ មេសា)


​ចំណែក លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច បាន​ឆ្លៀតឱកាស​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ ចំនួន ១២ នៃ អង្គការ​ចំនួន ៩ នៅឯ​ក្រសួង​សង្គមកិច្ច កាលពី​រសៀល​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ ក៏បាន​ក្រើនរំឭក​ជាពិសេស​ដល់​អង្គការ និង មណ្ឌល​ថែទាំ​កុមារ ដែលមាន​វត្ត​មាននៅ​ទីនោះ ក៏ដូចជា​អង្គការ និង មណ្ឌល​ថែទាំ​កុមារ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់ នៃ បណ្តា​ខេត្ត ដែល​រងទឹក​ជំនន់ និង កំពុង​ប្រឈម​នឹង​ទឹកជំនន់ ត្រូវតែ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់ ប្រុងប្រៀប​ខ្លួន​ឱ្យបាន​មុន​ក្នុង​ការធ្វើអន្តរាគមន៍ គ្រប់ពេលវេលា ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី ធានា​សុវត្ថិភាព​របស់​កុមារ​នៅក្នុង​មណ្ឌល ឬ ក្នុងបន្ទុក​របស់ខ្លួន នៅក្នុង​ដំណាក់​ទឹកជំនន់​នេះ ។​


​លើសពីនេះ​ទៅ លោក តូច ចាន់នី ក៏បាន​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ថា ទន្ទឹមនឹង​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​របស់​កុមារ​អំពី​គ្រោះទឹកជំនន់​ទៅ ក៏​មិនត្រូវ​ភ្លេច​នូវ​ជំងឺ​កូ​វីដ ១៩ ដែរ ។​


​បើតាម​របាយការណ៍រ​បស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី ០១ ខែ កញ្ញា រហូតដល់​ថ្ងៃទី ១៤ ( ថ្ងៃត្រង់ ) ខែ តុលា ឆ្នាំ ២០២០ នេះ នៅ​ទូទាំងប្រទេស កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់​នេះ ចំនួន ១២ នាក់​ហើយ ៕ Kh

​គ្រោះទឹកជំនន់ កំពង់​វាយលុក​តំបន់​មួយចំនួន នៃ ប្រទេស កម្ពុជា ( រូបៈ ហ្វេ​ស​ប៊ុ​ក )

ទីតាំងផ្សាយពាណិជ្ជកម្ម