តាមព័ត៌មានថា ក្លឹប Real Madrid បានងាកទៅរកខ្សែប្រយុទ្ធ អឺលិង ហាឡែន (Erling Haaland) របស់ក្លឹប Dortmund ប្រសិនបើពួកគេមិនអាចចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ ឃីលៀន អឹមបាប៉េ (Kylian Mbappe) ពីក្លឹបយក្សបារាំង PSG ។
ក្លឹបយក្សនៅក្របខណ្ឌ La Liga នេះចាប់អារម្មណ៍នឹង អឹមបាប៉េ យូរមកហើយ ប៉ុន្តែដោយសារ ផលប៉ះពាល់វីរុសកូវីដ១៩ ដូច្នេះក្លឹបនេះមិនអាចចំណាយប្រាក់នៅរដូវក្តៅនេះបានទេ។
ក្លឹប Real Madrid អន្ទះសាចង់អូសទាញខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះចេញពីពហុកីឡាដ្ឋាន Parc des Princes ប៉ុន្តែក៏បានមើលឃើញ ហាឡែន ដែលមានលក្ខខណ្ឌទិញផ្តាច់៦៣លានផោន ជាជម្រើសសម្រាប់ខ្សែប្រយុទ្ធផងដែរ។
មានសេចក្តីរាយការណ៍នៅទំព័រមុខរបស់កាសែតអេស្ប៉ាញកាលពីព្រឹកថ្ងៃអង្គារ៍ដោយដាក់ចំណងថា “ ហាឡែន ប្រសិនបើ អឹមបាប៉េ មិនមក”។
អឹមបាប៉េ បានឈានចូលដល់រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយក្រុម PSG ដែលកំពុងអន្ទះសាចង់ឲ្យកីឡាកររូបនេះចុះកិច្ចសន្យាថ្មី។
តាមព័ត៌មានថា ហាឡែន ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះត្រូវបានគេមើលឃើញថា បេក្ខភាព ដ៏ស័ក្តិសមសម្រាបជំនួសតំណែងខ្សែប្រយុទ្ធ ការីម បេនហ្សេម៉ា (Karim Benzema) ដែលក្លឹប Real Madrid ពឹងផ្អែកទាំងស្រុងនោះ៕ ប្រែសម្រួល: ពិសិដ្ឋ
