ដោយៈ​សុផល​/​ភ្នំពេញ​៖​ផ្លូវ​ចំនួន​២៤៥​គីឡូម៉ែត្រ​ស្មើនឹង​១៩៩​កំណាត់​បានទទួល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ទូទាំងប្រទេស​ហើយ​មាន​ខេត្ត​ចំនួន​១៣​កំពុង​រង​ផលប៉ះពាល់​។​

លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹង​ដូច្នេះ​ក្នុងពេលដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​ជន់​លិច​ខ្លាំង​នៅ​ទំនប់​៧​មករា ផ្លូវជាតិ​លេខ​៣​និង​ផ្លូវជាតិ​លេខ​២០ នៅ​សង្កាត់​គង​ន​យ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ។


​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​៖​ក្នុងចំណោម​កំណត់​ផ្លូវ​ទាំង​២៤៥​គីឡូម៉ែត្រ​ផ្លូវ​ដែល​ប៉ះពាល់​នេះ​មាន​៥​គីឡូម៉ែត្រ ប៉ះ​ទៅលើ​ផ្លូវ​កៅស៊ូ AC មាន​១២០​គីឡូម៉ែត្រ ប៉ះពាល់​ផ្លូវ​កៅស៊ូ​ស្តើង​២​ស្រទាប់ DBST និង​១២០​គីឡូម៉ែត្រ​ទៀត​ប៉ះពាល់​លើផ្លូវ​ដីក្រហម​។​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ មកដល់ពេលនេះ​ក្រុមការងារ​ក្រសួង​កំពុងតែបន្ត ចុះ​តាមដាន និង​វាយតម្លៃ​ពី​ស្ថានភាព​ផ្លូវ​ខូចខាត ដើម្បី​ត្រៀម​ជួលជុល​ឡើងវិញ បន្ទាប់ពី​ទឹក​ស្រក​ចុះទៅ​វិញ​៕S/​