ដោយៈវិវឌ្ឍន៍/ភ្នំពេញៈតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ថា ក្រោមការទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្ហូរខេត្តកណ្តាលបានទទួលឥទ្ធិពល ជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំនប់៧មករា(កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹក ប្រុងប្រយ័ត្ន (៧ ម៉ែត្រ) ដែលបណ្តាលឲ្យទំនប់សម្ភារស្ទឹងទាំងសងខាងក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ ទឹកហូរពីលើខ្នងទំនប់សណ្ដរ។ ស្ថានភាពនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ត្រ ខេត្តកណ្តាល រួមមានស្រុកអង្គស្នួលស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។
ផ្អែកតាមស្ថានភាព ដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកអង្គស្នួលស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុង -ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការ អន្តរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការ ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះនិងធ្វើការណែនាំអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និង ការបង្ការការពារឆ្លងជម្ងឺនានា ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើត ឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕




