ដោយ: ពៅនិមល/ភ្នំពេញ: លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់ទូទាំងប្រទេសនឹងមានខ្សែភ្លើងចេញពីបណ្តាញជាតិទៅដល់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មរបស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់សម្តេចតេជោទៅសិក្សានៅប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលសេឡង់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ លោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថាៈការអភិវឌ្ឍន៍វិស័យអគ្គិសនីក្រោយពីរបបខ្មែក្រហមមកកម្ពុជាបានដើរចេញពីចំណុចសូន្យមកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ។

ក្នុងនោះគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាគឺធ្វើយ៉ាងណាជម្រុញឱ្យអគ្គិសនីឱ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ជាពិសេសមានតម្លៃទាប ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល។
លោកបានបន្តថា សម្រាប់វិស័យអគ្គិសនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រែងជម្រុញនូវគ្រប់ឧបសគ្គ ដើម្បីឱ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់នឹងមានខ្សែភ្លើងចេញពីបណ្តាញជាតិទៅដល់ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពល។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រៅគម្រោងផែនការ ដែលក្រសួងនឹងអនុវត្តន៍ឲ្យបាន១០០ភាគរយនោះ នៅមានភូមិឧបសម្ព័ន្ធចំនួន២៣៧ផ្សេងទៀត ដែលមិនមែនជាភូមិរៀបរយដូចជា៖ ភូមិដែលប្រជាពលរដ្ឋបង្កើតថ្មី, ភូមិនៅដាច់ស្រយ៉ាល, នៅតាមកោះឬការរស់នៅតាមដងទន្លេនានាដែលគ្មានលទ្ធភាពក្នុងការអូសខ្សែបញ្ជូនទៅដល់ជាគោលការណ៍រដ្ឋាភិបាលក៏មិនទុកចោលនោះឡើយជាក់ស្តែងក្រសួងកំពុងគិតគូរក្នុងការរៀបចំគម្រោងដាក់ប្រព័ន្ធពន្លឺព្រះអាទិត្យ ជម្រុញឲ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕S/