ដោយ: បូរិន/ភ្នំពេញ:តារាសម្តែង ដួង ម៉ានិច នឹងឆ្លៀតពេលវេលាដ៏មមាញឹកពីការសម្តែង របស់នាងនាំយកអំណោយជួយដល់អ្នករងគ្រោះជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យនា ពេលខាងមុខនេះ។
ការបង្ហាញពីគម្រោងចុះទៅដោយផ្ទាល់នេះ ដួង ម៉ានិច ក្រោយពីនាងបានទទួលដំណឹងថា ប្រាំបួន ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលរងនូវការប៉ះពាល់លិចលង់ ដោយទឹកជំនន់ទឹកភ្លៀង ពីចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែតុលា។ ទឹកជំនន់នេះបានបំផ្លាញ ផ្ទះ ស្រូវ ដំឡូង និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានប្រជាពលរដ្ឋ ស្លាប់អស់ ៣នាក់ ។ នេះបើយោងតាម របាយការណ៍ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យតារាសម្តែងដួង ម៉ានិច និងសប្បុរសជនលោក ហេង សន្ទរ៉ា និងភរិយាលោកស្រី រស់ ផល្លា ដែលគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុនអាយស្តា នាំចូលផលិតផលថែរក្សាសម្រស់ពីប្រទេសថៃ និងកូរ៉េនោះបានប្រាប់រស្មីកម្ពុជាឱ្យដឹងកាល ពីថ្ងៃទី១៤ខែតុលាថានាងពិតជាខ្លោចចិត្តអាណិតប្រជាពលរដ្ឋដែលកំពុងជួបនឹងគ្រោះ ទឹកជំនន់។អ្វីដែលនាងអាចជួយបានគឺការចូលរួមចំណែកបន្តិចបន្តួចជាមួយសប្បុរសជនខាងលើ។នាងថាដោយសារនៅបន្តការងារថតមួយចំនួននាងនឹងចុះទៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ខែតុលាខាងមុខដើម្បីយកអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគ និងថវិកាជួយដល់ ពួកគាត់។

តារាសិចស៊ីរូបនេះ បាននិយាយថា បើទោះបីជាមិនបានពេញមួយខេត្តក៏ក្នុងតំបន់មួយដែលនាង នឹងអាចជួយបានតាមធនធាន និងលទ្ធភាព។ នាងថាខ្ទង់ចំណាយអាចច្រើនជាងមួយពាន់ដុល្លារ ទៅតាមស្ថានភាពពិតជាក់ស្តែង។ នាងក៏អរគុណសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាជ្ញាធរ ដែនដីដែលបានយកចិត្តទុកដាក់និងជួយដល់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។
សូមបញ្ជាក់ថា សកម្មភាពលើកនេះមិនមែនជាលើកទី១ទេដែលតារាសម្តែងស្រីរូបនេះ បានធ្វើ ដំណើរទៅកាន់ទឹកដីកំណើតដើម្បីធ្វើកម្មវិធីសប្បុរសធម៌ ដែលកន្លងទៅនាងក៏ធ្លាប់ធ្វើបុណ្យ និងចែកអំណោយជូនដល់ទុរគតជនមួយចំនួននៅទីនោះផងដែរ៕




