ដោយបាយ័ន/ឧត្តរមានជ័យ:នៅវេលាម៉ោង១៤និង២៥នាទីថ្ងៃទី១៤តុលា២០២០នេះនៅច្រកអន្តរជាតិជាំស្រងាំក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមានការប្រគល់និងទទួលប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាប្រជាពលរដ្ឋខ្មែរដែលត្រូវបានភាគីថៃបញ្ជូនមកស្រុកកំណើតវិញនោះគឺមានឈ្មោះនួនសុគន្ធភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិតាព្រៀច ឃុំទីពូស្រុកសន្ទុកខេត្តកំពង់ធំ,និងម្នាក់ទៀតឈ្មោះរ៉ាត់វណ្ណលីភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិគោកភ្នៅឃុំគោកដូងស្រុកអង្គរជុំខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា អ្នកទាំងពីរត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨កន្លងទៅនេះ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់ដោយចូលតាមច្រកមុំបីហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តអូរប៊ុនប្រទេសថៃរហូតដល់ថ្ងៃទី១៤ខែតុលានេះទើបដោះលែងហើយបញ្ជូនមកស្រុកកំណើតវិញតែម្តង៕S/
រូបភាព: អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់អោយត្រលប់មកស្រុកកំណើតវិញ៕បាយ័ន