អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​រាជរដ្ឋាភិបាល ជួយ​ហើយ តែ​ម្នាក់ៗ ក៏ត្រូវ​ម្ចាស់ការ​ប្រុងប្រយ័ត្ន​!

ដោយៈ លី ម៉េង​ហួរ​៖ ជំនន់​ទឹកភ្លៀង គិត​មកដល់​ថ្ងៃទី​១៤ ខែតុលា បានកើត​ឡើង​នៅ ២៣៤​ឃុំ​សង្កាត់ នៅក្នុង ១៩​ខេត្ត​រាជធានី​។ ចំណែក​ចំនួន​ប្រជាជន​រងគ្រោះ ប៉ះពាល់ បាន​កើន​ដល់​ជិត​បួន​ម៉ឺន​គ្រួសារ ស្មើ​ប្រមាណ​ជាង ១៥​ម៉ឺន​នាក់​។ ចំណែក​អ្នកស្លាប់ ដោយ​ទឹកជំនន់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែតុលា បាន​កើន​ឡើងដល់ ១២​នាក់​។​
​ ​
​ខេត្ត​រាជធានី​ទាំង ១៩ ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង នាពេលនេះ រួមមាន​៖ ខេ​ត្ព​ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។​

​ជំនន់​ទឹកភ្លៀង ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន ត្រូវ​ជម្លៀស​ទៅកាន់​ទួល​សុវត្ថិភាព មាន​ជាង ២៨០០ គ្រួសារ ស្មើ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​។

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏បាន​លើកឡើងថា ផ្ទះ ដែល​លិច​ទឹក មាន​ជាង ៣​ម៉ឺន ៩​ពាន់​ខ្នង សាលារៀន លិច​ទឹក ចំនួន ៤០២ កន្លែង​។ ស្រូវ​លិច​ទឹក​ជាង ១១​ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ លិច​ទឹក ជាង ៥​ម៉ឺន​ហិកតា ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​គ្រួស​ក្រហម ដែល​លិច​ទឹក​មាន ជាង ១៩៧ គីឡូម៉ែត្រ និង​ស្ពាន​លិច​ទឹក ២៤​កន្លែង​។
​ ​
​មកដល់​ថ្ងៃទី​១៤​តុលា ផ្លូវ​នៅក្នុង​ខេត្ត ចំនួន​១៣ បាន​រង​ផលប៉ះពាល់ និង​ជន់​លិច ដោយសារ ជំនន់​ទឹកភ្លៀង ដែលមាន​ចំនួន ៨៧​ខ្សែ ស្មើនឹង ១៩៩​កំណាត់ មាន​ប្រវែង​សរុប​ប្រមាណ ២៤៥​គីឡូម៉ែត្រ​។

​ជា​វិធានការ​ដោះស្រាយ​ចំពោះមុខ នៅពេលនេះ លោក​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹកបាន​បញ្ជា ឲ្យ​យក​គ្រឿងចក្រ​មក​ស្តារ​ប្រឡាយ​បើកផ្លូវ​ទឹក​នៅ​តំបន់​ជន់​លិច​ខ្លាំង​ហើយ​បើសិន​នៅ​មិន អាច​គ្រប់គ្រង​បាន អាច​នឹង​កាត់​ផ្លូវ​ដើម្បី​រំដោះ​ទឹកតែ​ម្តង​។
​ ​
​ដោយឡែក កាលពី​ថ្ងៃទី​១៤ ខែតុលា ទឹកជំនន់ នៅ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ ក៏​នៅតែ​បន្ត​ការគំរាមកំហែង​នៅឡើយ ខណៈដែល​នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្ត កណ្តាល អាជ្ញាធរ បានប្រកាស​អាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​បង្ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ គ្រោះទឹកជំនន់ ដែល​បង្កដោយ​ទឹកភ្លៀង​។​

​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ហូរហៀរ បង្ក​ជា​ទឹកជំនន់ លិច​ភូមិ និង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​យប់ ថ្ងៃទី​១៣ ខែតុលា ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ដោយមាន​ទាំង​កម្លាំង​កង​អង្គរក្ស ចូលរួម​ផង​បាន​ចុះ​អន្តរាគមន៍ សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់រយ​គ្រួសារ ទាំងយប់ ទៅកាន់​ទីទួល​សុវត្ថិភាព​។ សង្កាត់ ៥ នៅ​ខណ្ឌដង្កោ ជាប់​ស្ទឹង​ព្រែក​ត្នោត បាន​រង​នូវ​ការលិចលង់​។​
​ ​
​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​ត្រៀម​ជានិច្ច ដើម្បី​ជួយសង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់ ទីទួល​សុវត្ថិភាព ប្រសិនបើ​ជំនន់​ស្ទឹង​ព្រែក​ត្នោត បន្ត​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​នៅក្បែរ ដងស្ទឹង​។​
​ ​
​កាលពី​ថ្ងៃទី​១៤ ខែតុលា រដ្ឋបាល​ខេត្តកណ្ដាល បានចេញ​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព​ទឹក ទំ​បន់ ៧​មករា នៅ​ចំណុច​កំពង់ទួល និង​ស្ទឹង​ព្រែក​ត្នោត ដែល​នៅតែ​បន្ដ​ជន់​ឡើង​ខ្លាំង​លើស កម្រិត​ប្រកាសអាសន្ន​។ រដ្ឋបាល​ខេត្តកណ្ដាល បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង និង​នៅ​ក្រុង​តាខ្មៅ ត្រៀម​បង្ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់​នឹង​ជំនន់ ទឹកភ្លៀង​។​
​ ​
​ចំណែក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា​នេះ ក៏បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ រើស​សម្ភារ​និង​ជម្លៀស​ទៅកាន់​ទួល​សុវត្ថិភាព ព្រោះ​ក្រុង​ច្បារមន ដែល​ជាទី​រួម​ខេត្តកំពង់ស្ពឺ ប្រឈម​នឹង​ការ​ជន់​លិច​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​មកពី​ផ្នែក​ខាងលើ​។ ក្នុងនោះ ស្រុក​សំរោង​ទង មួយផ្នែក ក៏ត្រូវ​ជន់​លិច​ដែរ​។​
​ ​
​ក្រៅតែពី​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច មិន​ថា នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ដែល​រង គ្រោះ ដោយ​ទឹកជំនន់​ផ្សេងទៀត​ទេ ដែល​បាន​ចូលរួម​អន្តរាគមន៍ និង​ដឹកនាំ​បញ្ជា​កងកម្លាំង​ចម្រុះ ដែលមាន​ទាំង​កងទ័ព ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ថ្នាក់ជាតិ កាកបាទ ក្រហម ព្រមទាំង​សប្បុរសជន ក៏បាន​ចូលរួម​ថវិកា ក្រោម​ការចាត់ចែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ផងដែរ​។​

​មកដល់​រសៀល​ម៉ោង ៤ ថ្ងៃទី​១៤ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល ថវិកា​ពី​សប្បុរសជន ដើម្បី​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​កើតមាន​នៅក្នុង ប្រទេស សរុប​ជាង ៥ ៤១៦ ០០០ ដុល្លារ​។ សប្បុរសជន ៣៨​រូប​ដែល​បាន​ចូលរួម​ថវិកា ជំនួយ​នេះ ជា​ឧកញ៉ា មហាសេដ្ឋី និង​ក្រុមហ៊ុន​ធំៗ នៅ​កម្ពុជា​។​

​ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាមរយៈ​គណៈកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ សម្តេច​តេ​ជោ បាន​ប្រើពាក្យ​ថា ស្រឡាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​។​

​ដោយឡែក កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​អន្តរាគមន៍​ជួយ​ប្រជាជន​រងគ្រោះ​។ កាលពី​ថ្ងៃ ទី​១៤​តុលា កាកបាទក្រហម បាន​បញ្ចេញ​ថវិកា ៣០០ លាន​រៀល​ជួយ​ដល់​ប្រជា ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។
​ ​
​សាខា​កាកបាទក្រហម នៅតាម​ខេត្ត ក៏បាន​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ជាង ១​ពាន់​គ្រួសារ នៅក្នុង​ខេត្តពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, ប៉ៃលិន និង​កំពង់ស្ពឺ​។​

​អាជ្ញាធរ​សមត្ថកិច្ច​នៅ​រាជធានី​ខេត្ត រួមទាំង​កងកម្លាំងប្រដាប់អាវុធ បានចេញ​ជួយ និង​សង្គ្រោះ ប្រជាពលរដ្ឋ​ភ្លាមៗ នៅពេល​មាន​ទឹកជំនន់ បង្កដោយ​ភ្លៀង​ខ្លាំង នា​ប៉ុន្មាន​ថ្ងៃនេះ​។ ប៉ុន្តែ​ដើម្បី ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ពី​គ្រោះទឹកជំនន់​នេះ ប្រជាជន​ខ្លួនឯង ដែល​រងគ្រោះ ត្រូវ​ម្ចាស់ការ​ប្រុងប្រយ័ត្ន ការពារ និង​ជួយសង្គ្រោះ​ខ្លួនឯង ព្រមទាំង​ក្រុមគ្រួសារ​។​

​ក្នុងពេល​កើតមាន​ទឹកជំនន់​នេះ ដំបូង​គេ ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ត្រូវ​លិចលង់ ត្រូវ​ប្រុង ប្រយ័ត្ន​មុនគេ លើ​អាយុជីវិត​ខ្លួនឯង កូនចៅ និង​សាច់ញាតិ ពិសេស​មនុស្ស​ចាស់ និង​ក្មេងៗ​។ ឪពុកម្តាយ ជីដូន​ជីតា គួរតែរៀបចំ​ឲ្យ​ពួកគាត់ ចេញពីផ្ទះ​លិច​ទឹក ទៅ​រស់នៅ​ទួល​សុវត្ថិភាព មុនគេ​។ រីឯ​ក្មេងៗ កូនចៅ ដែល​ចូលចិត្ត​លេង​ទឹក គួរតែ​ឪពុកម្តាយ អាណាព្យាបាល​ប្រុងប្រយ័ត្ន ខ្លាំង​មែនទែន ព្រោះ​គ្រោះថ្នាក់ អាច​កើតឡើង​គ្រប់ពេលវេលា ពិសេស​ជំនន់​ទឹកភ្លៀង​ដែល កើតឡើង​គំហុក នៅ​តំបន់​ជ្រលង​ភ្នំ ព្រែក និង​ទំនប់ ជាដើម​។​

​សត្វ​អ​សិរ​ពិស ក៏ត្រូវ​ប្រុងប្រយ័ត្ន ក្នុងពេល​ទឹក​លិច​ផ្ទះ លិច​ភូមិ​។ រីឯ​អនាម័យ​ក្នុងការ​រស់នៅ និង​ការបរិភោគ​ទឹកស្អាត ទឹក​ដាំ​ពុះ ក៏ត្រូវ​តែ​ធ្វើ នៅពេល​ទឹក​លិចលង់​នេះ​ផងដែរ ដើម្បី​ការពារ ជំងឺ​។ ការ​សម្រាកសម្រាន្ត​ក្នុង​មុង ក៏​ក្រុមគ្រួសារ​នីមួយៗ ត្រូវអនុវត្ត ដើម្បី​ការពារ កុំ​ឲ្យ​មូស​ខាំ ដែល​អាច​នឹង​បង្ក​ជា​ជំងឺ​ដ​ង្កា​ច់​ផ្សេងៗ​ទៀត​។​

​ទ្រព្យសម្បត្តិ ពិសេស​សត្វ​ចិញ្ចឹម មាន់​ទា ជ្រូក គោ ក្របី ជាដើម ក៏ត្រូវ​ម្ចាស់ការ​ដឹកជញ្ជូន​យក ទៅ​ដា​ក់នៅ​ទីទួល ផុតពី​ទឹក​លិច នៅក្នុង​ភូមិ មុនពេល​ដែល​អាជ្ញាធរ​សមត្ថកិច្ច ទៅ​ជួយ​។ ស្បៀងអាហារ ក៏​គួរតែ​ត្រៀម​បម្រុង និង​ទុកដាក់​កុំ​ឲ្យ​ទឹក​ជន់​លិច​។​

​បើ​នៅផ្ទះ​លិច​ទឹក ដែលមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ក៏ត្រូវ​តែ​គិត​មុនគេ បិទ​ភ្លើង និង​មើល​ខ្សែ ភ្លើង កុំ​ឲ្យ​ប៉ះ​ទឹក ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់ ឆ្លង​ឆក់ ប៉ះពាល់​ដល់​អាយុជីវិត​ដែល​អាច​កើត​ឡើងជា យថាហេតុ​។​

​ក្នុងនោះ កន្លងមក ក៏មាន​អ្នក​ស្រវឹងស្រា ចុះ​ងូតទឹក​ជំនន់ តាម​អូរ តាម​ព្រែក ស្ទឹង ដែល​អាច​ក្លាយ ជា​គ្រោះថ្នាក់ ដោយសារតែ​ការធ្វេសប្រហែស​មួយពេល​នេះ​។​

​ជា​សរុប ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់ៗ គួរតែ​ម្ចាស់ការ​រៀងៗ​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​។ យើង​ជួប​គ្រោះថ្នាក់ បង្កដោយ​ទឹកជំនន់​លិចលង់​ផ្ទះសម្បែង ស្រែចំការ​ច្បារ​ដំណាំ​ហើយ តែបើ​យើង​ប្រហែស នោះ​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។ ផ្ទុយទៅវិញ បើសិនជា យើង​ម្នាក់ៗ ប្រុងប្រយ័ត្ន​ជានិច្ច នោះ​ពាក្យ​ថា ការពារ ប្រសើរ​ជាង​ព្យាបាល ពិតជា​មានន័យ ជានិច្ច​ក្នុង​ជីវិត​យើង​ប្រចាំថ្ងៃ​។ រីឯ​ជំនួយ​សង្គ្រោះបន្ទាន់​ពី​អាជ្ញាធរ​សមត្ថកិច្ច​ក៏​កាន់តែ​ផ្តល់​ភាព កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ថែម​មួយកម្រិត​ទៀត ក្នុង​គ្រាអាសន្ន​អន់ក្រ​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular