ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មកទល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់ ដែលខ្ជាក់ហៀរ ពីស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ បានចាប់ផ្តើមហូរកាត់ ពីលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជា ១.០០០ ម៉ែត្រ ស្ថិតនៅម្តុំព្រំប្រទល់ក្រុងសិរិសោភ័ណ និង ស្រុកមង្កលបុរិ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធផូមិភាគទី៥ ទទួលតំបន់ទី១ បន្ទាយមានជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយ នាយរងយោធាខេត្ត យុវជន ស.ស.យ.ក បានចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលហូរកាត់ផ្លូវជាតិលេខ៥ និងជួយច្រកថ្មមិច ដាក់ទប់ទឹក នៅទីតាំងខាងលើ ។
ចំពោះផ្លូវជនបទក្រាលកៅស៊ូ ពីផ្លូវជាតិលេខ៥ ត្រង់ភូមិព្រែកជីក ឃុំបត់ត្រង់ តាមបណ្តោយស្ទឹងមង្គលបូរី ទៅផ្លូវខេត្តលេខ ១៥៩ ភូមិ-ឃុំរហាត់ទឹក បានត្រូវទឹកជំនន់ ហូរកាត់ជាច្រើនកន្លែង ។ ឯផ្មូវលំក្រាលបេតុង ក្រាលថ្មមិច ក្រាលក្រួស និងដី ជាច្រើនកន្លែង នៃភូមិសាស្ត្រ ក្រុងសិរីសោភ័ណ បានរងការលិចលង់ ទឹកហូរកាត់ដែរ ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសអោយផ្អាកចរាចរណ៍ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ពីចន្លោះក្រុងសិរិសោភ័ណ ទៅស្រុកមង្គលបូរី នៃប្រំប្រទល់ ខេត្តបាត់ដំបង ប៉ុន្តែជាក់ស្តែង រថយន្តធំមួយចំនួន ត្រូវគេសង្កេតឃើញថា នៅបើកបរ ឆ្លងកាត់នៅឡើយ ៕/V




