ដោយទេពកង្រី/ខេត្តកំពង់ឆ្នាំង:មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះផ្សព្វផ្សាយអប់រំណែនាំអំពីរបៀបព្យាបាលគោកើតជំងឺអុតក្តាមនិងសត្វគោក្របីដែលកើតជំងឺក្តាមគ្រាដែលស្ថានភាពទឹកជំនន់ទឹកភ្លៀងធ្វើឱ្យសត្វគោក្របីកើតជំងឺនេះ ។

ការចុះផ្សព្វផ្សាយអប់រំសត្វគោក្របីដឹកនាំដោយអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហ៊ុន លី និងសហការីធ្វើឡើងព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។គោលបំណងចុះអប់រំផ្សព្វផ្សាយ ស្ដីអំពី ជំងឺអុតក្តាមដល់សត្វគោនិងក្របី ព្រមទាំងចែកថ្នាំព្យាបាល សត្វដល់ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងតែជួបហានិភ័យលើសត្វពាហនៈដែលជាកម្លាំងអូសទាញដ៏សំខាន់របស់ពលរដ្ឋ ។

លោកបានណែនាំដល់ប្រជាពលរដ្ឋឱ្យត្រូវចេះអនាម័យការពារដល់សត្វគោក្របីកុំឲ្យកើតជំងឺអុតក្តាម ដូចជាឱ្យដេកកន្លែងទីទួលស្ងួតមិនដក់ទឹកនុងមានសុវត្ថិភាព ។លោកថាសត្វគោ ក្របីដែលកើតជំងឺអុតក្តាម ត្រូវតែធ្វើការព្យាបាលដោយយកទឹកម្ជូរ មានដូចជាទឹកក្រូចឆ្មារ ឬយកស្លឹកអំពិលមកដាំធ្វើជាទឹកម្ជូរ មកលាងសម្អាត ក្រចកជើងឬកន្លែងផ្សេងៗដូចយើងលាងរបួស បន្ទាប់មកយើង យកថ្នាំដែលបានចែកនៅពេលនេះ មកលាងនូវចំណុចដែលឈឺ ជាការស្រេច ។

ត្រូវរកស្មៅខ្ចីឱ្យគោក្របី បរិភោគ សត្វខ្លះអាចកើតជំងឺមាត់ផងដែរដែលវាពិបាកនឹងទំពារចំណីរឹង ដូចជាចំបើងស្មៅរឹងផងដែរ។ចំពោះថ្នាំដែលបានចែកជូនបងប្អូននៅពេលនេះគឺជាថ្នាំដែលមានប្រសិទ្ធិភាពបំផុតពេលបងប្អូនលាងក្រចកជើងគោក្របីដែលកើតជំងឺរួចលាបទៅលើវារយៈពេលត្រឹមតែមួយថ្ងៃឬពីរថ្ងៃវានឹង ធូរស្រាល ហើយរយៈពេលប្រហែលជា ៤ទៅ៥ថ្ងៃវានឹង ជាសះស្បើយអាចដើរ ស៊ីស្មៅបាន ជាក់ជាពុំខានឡើយ៕S/
