Home ព័ត៌មានជាតិ នយោបាយ ជំនួប​រវាង​ឯក...

ជំនួប​រវាង​ឯកអគ្គរាជទូត​កម្ពុជា​ជាមួយ​សមាជិកសភា​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ លោក ណុំ ពិសិដ្ឋ​ឯកអគ្គរាជទូត​នៃ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ សហភាព​អឺរ៉ុប បាន​ជួប​ជាមួយ​លោក​Thierry MARIANI សមាជិកសភា​អឺរ៉ុប សមាជិក​គណៈកម្មាធិកា​រ​កិច្ចការ​ការបរទេស និង​ជា​អតីតរដ្ឋមន្ត្រី​គមនាគមន៍​នៃ​សាធារណរដ្ឋ​បារាំង ដោយបាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការពង្រឹងទំនាក់ទំនង​កម្ពុជា​-​សហភាព​អឺរ៉ុប​ ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​និង​ការពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​ក្រុម មិត្តភាព​សមាជិកសភា​អឺរ៉ុប និង​កម្ពុជា​។​

លោក ណុំ ពិសិដ្ឋ​ឯកអគ្គរាជទូត​នៃ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ សហភាព​អឺរ៉ុប បាន​ជួប​ជាមួយ​លោក​Thierry MARIANI សមាជិកសភា​អឺរ៉ុប សមាជិក​គណៈកម្មាធិកា​រ​កិច្ចការ​ការបរទេស និង​ជា​អតីតរដ្ឋមន្ត្រី​គមនាគមន៍​នៃ​សាធារណរដ្ឋ​បារាំង

នៅក្នុង​ជំនួប លោក ណុំ ពិសិដ្ឋ បានបញ្ជាក់​ជូន​លោក Thierry MARIANI ថា ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​អ៊ី​ប៊ី​អេ​( EBA)​ជា​ភាពអយុត្តិធម៌​ចំពោះ​កម្ពុជា​និង​ជាការ​អនុវត្តន៍​ស្តង់ដារ​ពីរ​របស់​គណៈកម្មការ​អឺរ៉ុប​។​ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​កិច្ចសន្ទនា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅលើ​វិស័យ​ជាច្រើន​ដែល​រួមមាន បរិស្ថាន អប់រំ កសិកម្ម និង​ទេសចរណ៍​ជាដើម​ ព្រមទាំង​បញ្ជាក់ថា​បញ្ហា​EBA​មិនមែនជា​ឧបសគ្គ​ដល់​ការពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​សហភាព​អឺរ៉ុប​ទេ​។


​លោក ណុំ ពិសិដ្ឋ បាន​សង្កត់ធ្ងន់ថា កម្ពុជា​នៅតែ​បន្តធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ ដើម្បី​ធានាបាន​ការពង្រឹង​លំហប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​។ កម្ពុជា​ធ្វើដំណើរ​ពី​បាតដៃ​ទទេ បន្ទាប់ពី​ប្រទេស​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាមស៊ីវិល និង​របប​វាលពិឃាត​អស់​ជាង​ពីរ​ទសវត្សរ៍ ហើយ​ពិតណាស់ ដំណើរ​ការកសាង​លទ្ធិប្រជាធិបតេយ្យ​ត្រូវការ​ពេលវេលា​។​កម្ពុជា​ជា​ប្រទេស​បើកទូលាយ​ដែល​ទទួលយក​គ្រប់ការ​រិះគន់​ទាំងអស់​ដើម្បី​ស្ថាបនា​។ ទន្ទឹមនឹងនេះ​លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មួយ ចំនួន​ដែល​បាននិងកំពុង​រំលោភច្បាប់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​បំភាន់ និង​ញុះញង់​សាធារណជន ដើម្បី​បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម និង​បំផ្លាញ​សន្តិភាព ដែលជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស និង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា​ជាមួយ​បណ្តាប្រទេសជិតខាង​។


​ក្នុងឱកាស​នោះ លោក ណុំ ពិសិដ្ឋ បានប្រគល់​ឯកសារ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្នើ​លោក Thierry MARIANI ជួយ​ផ្សព្វផ្សាយ​បន្ត​នៅក្នុង​សភា​អឺរ៉ុប ជាពិសេស​នៅក្នុង​គណៈកម្មការ​កិច្ចការបរទេស​ដើម្បី​ឈ្វេងយល់​កាន់ តែ​ច្បាស់ និង​ទទួលបាន​ព័ត៌មានពិត​អំពី​កម្ពុជា​។​


​ជាការ​ឆ្លើយតប លោក Thierry MARIANI បានបង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា គណៈកម្មការ​អឺរ៉ុប បាន​អនុវត្ត​ស្តង់ដារ​ពីរ ដោយបាន​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​។​ប៉ុន្តែ​បែរជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ក្នុង​ថ្ងៃ​តែមួយ​។​


​លោក Thierry MARIANI បានបញ្ជាក់​បន្ថែមថា តាមរយៈ​លិខិត​របស់លោក​ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ លោក​មាន​គម្រោង​ចោទសួរ​ជា​លាយ​ល័​ក្ខ​ណ៍អក្សរ​ទៅកាន់​សមាជិកសភា​ដទៃ​ទៀត​នៅក្នុង​គណៈកម្មការ​កិច្ចការ​ការបរទេស​នៃ​សភា​អឺរ៉ុប អំពី​ការពន្យារពេល​ក្នុងការ​ពិនិត្យ​ពិចារណា​អំពី​ការរីកចម្រើន​ជា​វិជ្ជមាន​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់ថា រូបលោក​ផ្ទាល់ មិន​ត្រូវបាន​បំភាន់​ដោយ​ព័ត៌មាន​លំអៀង​អំពី​ប្រទេស​កម្ពុជា​នោះឡើយ​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular