ទីក្រុងប៉ារីសចេញបម្រាមគោចរ ខណៈអឺរ៉ុបកំពុងបង្កើនការរឹតបន្តឹងដើម្បីទប់ស្កាត់កូវីដ១៩

108
ចែករម្លែក

ប្រទេសបារាំងកាលពីថ្ងៃពុធទី១៤តុលាបានក្លាយជាប្រទេសចុងក្រោយបង្អស់នៅអឺរ៉ុបដែលបានចាត់វិធានការប្រឆាំងនឹងជំងឺរាតត្បាត ដោយដាក់ចេញនូវបម្រាមគោចរនៅទីក្រុងប៉ារីសនិងទីក្រុងចំនួន ៨ ផ្សេងទៀតចាប់ពីថ្ងៃសៅរ៍តទៅ ខណៈអាល្លឺម៉ង់និងអៀរឡង់ក៏បានបង្កើនការរឹតត្បិតផងដែរ។

ប្រកាសបិទទ្វារក្រុងនៅចន្លោះម៉ោង ៩៖០០ យប់ដល់ ៦៖០០ ព្រឹកដែលនឹងចូលជាធរមានរហូត៦សប្តាហ៍ លោកប្រធានាធិបតី អេមម៉ានូអែល អាម៉ាក្រុង បានប្រាប់ទូរទស្សន៍សាធារណៈថា “យើងត្រូវតែធ្វើសកម្មភាព។ យើងត្រូវតែបញ្ឈប់ការរីករាលដាលនៃវីរុសនេះ”។

ទីក្រុងសំខាន់ៗផ្សេងទៀតរបស់បារាំងដូចជាទីក្រុងលីយ៉ុង ទីក្រុងកំពង់ផែមេឌីទែរ៉ាណេ ម៉ាសី និងទីក្រុងនាទិសនិរតី ទូលូស ក៏នឹងដាក់បំរាមគោចរផងដែរ ដោយប្រជាជនប្រមាណ ២០ លាននាក់នឹងរងផលប៉ះពាល់ក្នុងចំណោមប្រជាជនសរុបប្រមាណ ៦៧ លាននាក់។

ប៉ុន្មាននាទីមុនការប្រកាសរបស់លោកម៉ាក្រុង រដ្ឋាភិបាលរបស់លោកបាននិយាយថាខ្លួននឹងពន្យារពេលនៃភាពអាសន្នផ្នែកសុខភាព។

ជាមួយនឹងការស្លាប់ដោយសារជំងឺកូវីដកើនឡើងជាងមួយលានករណីនិងឆ្លងជិត ៤០ លាននាក់នៅទូទាំងពិភពលោក តំបន់ដូចជាអឺរ៉ុប ដែលបង្ក្រាបបាននូវការផ្ទុះឡើងនៃរលកដំបូង ឥឡូវកំពុងតែប្រឈមមុខនឹងជម្រើសដ៏តឹងរ៉ឹងអំពីវិធីគ្រប់គ្រងរលកថ្មី ដោយមិនឱ្យមានការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច ដែលបង្កឡើងដោយការបិទទ្វារប្រទេសទាំងមូល។

នៅប្រទេសអាល្លឺម៉ង់ លោកស្រីអធិការបតី អ៊ែនជេឡា មឺគែល បានប្រកាសពីវិធានការតឹងរ៉ឹងជាងមុនលើការប្រមូលផ្តុំនិងការពាក់ម៉ាស់។

មេដឹកនាំរូបនេះបាននិយាយថា “ខ្ញុំជឿថាអ្វីដែលយើងធ្វើនៅពេលនេះនឹងបង្ហាញប្រសិទ្ធភាពសម្រាប់វិធីដែលយើងបានឆ្លងកាត់ជំងឺរាតត្បាតនេះ”។

ករណីឆ្លងថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់បានបន្តកើនឡើងកាលពីថ្ងៃពុធដោយមានករណីឆ្លងលើសពី ៥.០០០ ករណីក្នុងរយៈពេល ២៤ ម៉ោង ជាកម្រិតមួយមិនធ្លាប់ឃើញចាប់តាំងពីការបិទទ្វារសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះកាលពីនិទាឃរដូវ៕ ដោយ ៖ កញ្ញាដាលីស

ទីក្រុងប៉ារីសនឹងដាក់បម្រាមគោចរចាប់ពីថ្ងៃសៅរ៍តទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម