ដោយៈ រ៉ូហ្សា / ភ្នំពេញៈ កម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAMES) ចំនួន ៣ លើក ជាប់គ្នាមកហើយ គឺឆ្នាំ២០១៥ នៅសឹង្ហបូរី ២០១៧ នៅម៉ាឡេស៊ី និង ២០១៩ នៅហ្វីលីពីន ។ ក្នុងការប្រកួតទាំ ៣ លើកនោះ ប្រភេទកីឡាវ៉ូវីណាម និង កីឡាកាយវប្បកម្ម ដែលកម្ពុជា មានសក្ដានុពលខ្លាំងនោះ មិនមានវត្តមានឡើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ ២០២៣ (CAMSOC) បានមានប្រសាសន៍ថាៈ ប្រទេសកកម្ពុជា មានគោលដៅ ចង់ឈានជើងចូល ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១១ ប្រទេស ព្រោះកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ ចំនួន ៣ លើកជាប់ៗគ្នាមកហើយ ។
លោកអគ្គលេខាធិការ បានបន្តថាៈ ប្រសិនបើយើង ទទួលបានចំណាត់ថ្នាក់លេខ៧ យើងនឹងសម្រុកការប្រកួតកីឡា SEA GAMES ២០២៣ នៅកម្ពុជា ឲ្យឈរ ចំណាត់ ថ្នាក់លេខ៦ ឬលេខ៥ ដែលជាក្ដីស្រមៃ កម្ពុជា ចង់បាន ។ ស៊ីហ្គេមនៅវៀតណាម ប្រសិនបើកម្ពុជា លោតមកដល់ចំណាត់ថ្នាក់លេខ៧ នោះ វាពិតជាសញ្ញា ដ៏ល្អបំផុតហើយ ។
អគ្គលេខាធិការរូបនេះ បានបន្ថែមទៀតថាៈ ម្ចាស់ផ្ទះវៀតណាម ដាក់ ៣៦ ប្រភេទកីឡា ក្នុងការប្រកួត ។ ចំណែកកម្ពុជា នឹងបញ្ជូន ៣១ ប្រភេទកីឡា ត្រៀមចូលរួមជាមួយ ប្រភេទកីឡា មានសក្តានុពល ដណ្តើមមេដាយបាន ចំនួន ១១ ប្រភេទ រួមមាន កីឡាប៉េតង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ វាយកូនបាល់ វ៉ូស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (គុនខ្មែរ) និងកីឡាកាយវប្បកម្ម។
ចំណែកកីឡាកាយវប្បកម្ម និងវ៉ូវីណាម ជាប្រភេទកីឡា ដែលអាចមានសមត្ថភាព ដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ព្រោះទាំង ២ ប្រភេទកីឡានេះ រាល់ការចេញទៅប្រកួត លើឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាស រហូត៕/V