​យ៉​ន ពិសី និង រ៉ា រយ៉ា នរណា ជា​អ្នកឈ្នះ​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ?

156
ចែករម្លែក

ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ នៅ​ថ្ងៃទី​១៧ តុលា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card នឹង​ឈានដល់​ការប្រកួត បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​១ ហើយ ។​

​ខ្លា​ចាស់ យ៉​ន ពិសី ក្លិប​សាល​វ័​ន្ដ​កីឡា នឹងត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី រ៉ា រយ៉ា របស់​ក្លិប​អេ​ភូ​ថង​កីឡា ។ នេះ​ជាការ​ប្រកួត​មួយ ដែល​ទាំងសងខាង សុទ្ធតែ​ប្ដេជ្ញា​ថា ត្រូវតែ​ឆ្លង​ឲ្យ​ផុត ដើម្បី​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត ។ ពិសី ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយរូប ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង​នោះទេ ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្លង់​វ៉ៃ​ល្អ ក៏ពិតមែន តែ​ចលនា​វ៉ៃ​ចេញ របស់គេ យឺត និង​មិនសូវ​មាន​កលល្បិច ។ អ្នក​ប្រដាល់​រូបនេះ គេ​វ៉ៃ​ច្រើនតែ​រក្សា​កម្លាំង ដើម្បី​វ៉ៃ​ឱ្យបាន ៥ ទឹក ។ យ៉​ន ពិសី មាន​ប្រវត្តិ​ប្រកួត ចំនួន ៣៧ ដង ឈ្នះ​២៧​ដង ចាញ់​៧​ដង​និង​ស្នើ​ពិន្ទុ ៣ ដង ។​

​ចំពោះ រ៉ា រយ៉ា វិញ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែលមាន​មហិច្ឆតា​ធំ​ណាស់ ។ នៅពេល​ប្រកួត គេ​ចូលចិត្ត​វាយ​សម្រុក​ភ្លាមៗ ទៅលើ​គូប្រកួត ពិសេស​គេ​ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង កណ្ដាប់ដៃ និង ជង្គង់ ជាមួយ​គូប្រកួត​ណាស់ ។ អ្នក​ប្រដាល់​រូបនេះ ច្រើនតែ​ធ្វេសប្រហែស ក្នុងការ​ការពារ​ អីចឹង​ហើយ ទើប​ជា​ញឹកញាប់ គេ​រងរបួស ដោយសារ​គូប្រកួត ។ រ៉ា រយ៉ា មាន​ប្រវត្តិ​ប្រកួត ចំនួន​២៥​ដង ឈ្នះ​១៥​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​

​ជំនួប​រវាង​អ្នក​ប្រដាល់​ជើងចាស់ និង​អ្នក​ប្រដាល់​ជើង​ថ្មី មិនដឹងថា នរណា​ជា​អ្នក​ប្រជែង បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ នោះទេ ។ សូមបញ្ជាក់ថា មកទល់ពេលនេះ មាន​អ្នក​ប្រដាល់ ៧ រូប​ហើយ ដែល​កក់​កៅអី​ជុំ​ទី​២ ហើយក៏​មាន ៧ រូប​ដែរ ដែល​ខ្ទាត​ចេញពី​ការប្រកួត ។ នរណា ជា​អ្នកខ្លាំង​ទី​៨ ? ។​

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ អ្នក​ប្រដាល់ ដែល​គេ​ប្រសិទ្ធ​នាម​ថា អ្នកលេង​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាន់ សុវណ្ណ ក្លិប​នាគរាជ​ចតុមុខ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ នេះ​ជាការ​ជួបគ្នា ដោយ​កម្រ​របស់ អ្នក​ប្រដា​ល់វ័យ​ចំណាស់ ទាំង ២ រូបនេះ ។​

​សុវណ្ណ​មាន​កម្លាំង​អស្ចារ្យ​ណាស់ កណ្ដាប់ដៃ​របស់គេ ក៏​ធ្ងន់​ដែរ ។ ចំពោះ ធា នុ​រាជ វិញ ក្រៅពី​កណ្ដាប់ដៃ ជង្គង់ និង កែង​នោះ ស្នៀត​ជើង​គេ អស្ចារ្យ​ណាស់ ។ គេ​លោត​ទាត់​ផ្កាប់​ចាន និង​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ បានល្អ រហ័ស មិនតែប៉ុណ្ណោះ ស្នៀត​ជើង​របស់គេ ភាគច្រើន ទាត់​ចំ​គោលដៅ បានល្អ ។ មាន​អ្នក​ប្រដាល់ មិនតិច​នាក់​ទេ ដែល​សន្លប់​ដោយសារ ស្នៀត​ទាត់​ផ្កាប់​ចាន និង នាគ​វ័ធ​កន្ទុយ​របស់ ធា នុ​រាជ ។ សង្ឃឹមថា ផាន់ សុវណ្ណ មិន​ប្រហែស ចំពោះ​ស្នៀត​ពិសេស​នេះ​ទៅ​ចុះ ។​

​សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង សៀវ ង៉ុ​យ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ចៅ​ជូត ជា​អ្នកខ្លាំង​ជំនាន់​ក្រោយ ចំពោះ សៀវ ង៉ុ​យ ជា​អ្នកខ្លាំង​ជំនាន់​មុន ។ ចៅ​ជូត មិនអាច​មើលស្រាល សៀវ ង៉ុ​យ បានទេ តែ ង៉ុ​យ ក៏​មិនត្រូវ​ប្រហែស ចំពោះ​ចៅ​ជូត​ដែរ ។ នរណា ជា​អ្នកឈ្នះ សម្រាប់​ការជួបគ្នា​នេះ ?​។​

​បាន លីម ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ អាំង សំអាត ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ សំអាត បាត់​មុខ​យូរហើយ មិនដឹងថា គេ​នៅ​វ៉ៃ​ល្អ ដូច​មុន ឬក៏​យ៉ាងណា​ឡើយ ចំពោះ បាន លឹម ក៏​ទំនងជា​មិន​ខ្សោយ​ទេ ទើប​គេ​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ សំអាត បែបនេះ ៕/V

ខ្លា​ចាស់ យ៉​ន ពិសី ក្លិប​សាល​វ័​ន្ដ​កីឡា
អ្នក​ប្រដាល់​ជើង​ថ្មី រ៉ា រយ៉ា របស់​ក្លិប​អេ​ភូ​ថង​កីឡា

ទីតាំងផ្សាយពាណិជ្ជកម្ម