កងទ័ពអាកាសអាម៉េរិកបញ្ជាក់ថាមីស៊ីលលឿនជាងសំឡេង ARRW នឹងអាចហោះក្នុងល្បឿនជាង ៩.៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង

533
ចែករម្លែក

មន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពអាកាសអាម៉េរិកបានបញ្ជាក់នៅដើមខែនេះថា មីស៊ីលលឿនជាងសំឡេងប្រតិកម្មរហ័សដែលបាញ់ពីលើមេឃ AGM-183A (ARRW) នឹងធ្វើដំណើរក្នុងល្បឿនពី ៨.០០០ ទៅជាង ៩.៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកក៏និយាយដែរថា មីស៊ីល “Mayhem” តូចជាងនេះកំពុងតែផលិតឡើង។

ក្នុងបទសម្ភាសន៍ថ្ងៃទី១ខែតុលាជាមួយទស្សនាវដ្តីកងទ័ពអាកាស លោកឧត្តមសេនីយ៍ឯក អ៊ែនឌ្រូ ហ្គេបារ៉ា​ ប្រធានផែនការយុទ្ធសាស្ត្រកម្មវិធីនិងតម្រូវការរបស់កងកម្លាំងទ័ពអាកាសសកល បានផ្តល់ព័ត៌មានជាសាធារណៈជនលើកដំបូងដល់ទស្សនាវដ្តីអំពីល្បឿននៃអាវុធលឿនជាងសំឡេងដំបូងគេរបស់មន្ទីរបញ្ចកោណ។

លោកហ្គេបារ៉ានិយាយថា “អាវុធនេះនឹងអាចហោះបានចម្ងាយ ១.៦០០ គីឡូម៉ែត្រក្នុងរយៈពេល ១០-១២ នាទី។ វាពិតជាអស្ចារ្យណាស់។ ចឹងវាអាចហោះក្នុងល្បឿនពី ៨.០០០ ទៅជាង ៩.៦០០ គីឡូម៉ែត្រក្នុងមួយម៉ោងឬចន្លោះពី ៦,៥ ទៅ ៧,៥ ដងនៃល្បឿនសំឡេង។ ឧបករណ៍មួយត្រូវបានកំណត់ថាលឿនជាងសំឡេង ប្រសិនបើល្បឿនរបស់វាលើសពី ៥ ម៉ាច”។

ខណៈពេលដែលការធ្វើតេស្តជាមួយគំរូមីស៊ីល ARRW បានបន្តចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ ការបាញ់គ្រាប់មីស៊ីលពិតលើកដំបូងគ្រោងនឹងធ្វើឡើងនៅខែតុលាឆ្នាំ ២០២១ នេះបើយោងតាមវេបសាយ The Drive ។

មេបញ្ជាការនៃទីបញ្ជាការដ្ឋានប្រយុទ្ធជាសកលនៃកងទ័ពអាកាសលោកឧត្តមសេនីយ៍ ធីម៉ូធី អឹម រ៉េ បានប្រាប់វេបសាយខាងលើថា មីស៊ីល ARRW ដែលនឹងក្លាយជាអាវុធលឿនជាងសំឡេងដែលធ្វើប្រតិបត្តិការដំបូងគេបង្អស់របស់មន្ទីរបញ្ចកោណ នឹងសម្រេចបានសមត្ថភាពប្រតិបត្តិការដំបូងក្នុងរយៈពេល “ពីរបីឆ្នាំខាងមុខ”។ មីស៊ីលនេះនឹងត្រូវដឹកដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ដែលកែឱ្យកាន់តែទំនើបដើម្បីអនុញ្ញាតឱ្យវាអាចបាញ់មីស៊ីលចម្ងាយឆ្ងាយបាន៕ ដោយ ៖ កញ្ញាដាលីស

មីស៊ីលលឿនជាងសំឡេង ARRW នឹងបាញ់សាកល្បងមែនទែននៅខែតុលាឆ្នាំ ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម