ដោយ: សាវរក្ស / ភ្នំពេញ: ជនសង្ស័យ១ក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នករត់កង់បីឥណ្ឌាមិនបានសម្រេច ត្រូវម្ចាស់កង់បីព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច កាលវេលា ម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ចំណុចផ្ទះជួល៦ជាន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនសង្ស័យទី១.មានឈ្មោះ វ៉ាន់ ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទី២.មានឈ្មោះ ផល វាសនា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទី៣.មានឈ្មោះ ណា វី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅចំការដូង ខណ្ឌដង្កោ ។
ចំណែកជនរងគ្រោះមានឈ្មោះ ផល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់ភូមិគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង1O.5037ដឹកជនសង្ស័យចំនួន៣នាក់ចេញពីម្ដុំផ្សារសឡាគោលបំណងមកចំណុចផ្ទះល្វែងប្រាំមួយជាន់ ខណៈមកដល់កន្លែងកើតហេតុខាងលើជាកន្លែងស្ងាត់និងងងឹតផង ក៏ឲ្យឈប់កង់បី មិនទាន់ឲ្យលុយផង ក៏ធ្វើជាខ្ចីទូរស័ព្ទនិយាយ បានចុះបម្រុងរត់ តែត្រូវម្ចាស់កង់បីទាញទូរស័ព្ទមកវិញ ហើយគាត់ស្រែកចោរៗ ជនសង្ស័យបានរត់ចូលក្នុងដីឡូត៍នៅខាងក្រោយ។
ប្រភពដដែលបានបន្តទៀតថា រូបគាត់បានទាក់ទងទៅមិត្តភ័ក្តិរត់កង់បីឥណ្ឌាដូចគ្នា មកព័ទ្ធចាប់ជនសង្ស័យបានទាំងបីនាក់ រួចស្វាគមន៍មួយដៃមួយជើងឡើងទ្មខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ សួរនាំនិងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ ល/Ha
