ប៉ូលិសថៃកាលពីដើមថ្ងៃព្រហស្បតិ៍ទី១៥តុលា បានបំបែកហ្វូងអ្នកប្រឆាំងតវ៉ាមួយក្រុមដែលបានមកតវ៉ាឡូឡាតាំងពីពីយប់ថ្ងៃពុធ នៅក្រៅការិយាល័យនាយករដ្ឋមន្ត្រីដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង ដែលនាំឲ្យរដ្ឋាភិបាលប្រកាសប្រើច្បាប់គ្រាអាសន្នធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីបាងកក។
អ្នកកាសែតបាននិយាយថា ប៉ូលិសបានរុលចូលមកពីច្រើនទិសដើម្បីបង្ខំឲ្យអ្នកប្រឆាំងតវ៉ារាប់រយនាក់នៅក្រៅវិមានរដ្ឋាភិបាល ចាកចេញ។អ្នកប្រឆាំងតវ៉ាខ្លះត្រូវចាប់នាំចូលរថយន្តប៉ូលិស។
ប្រតិបត្តិការរបស់ប៉ូលិសនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន អូចា ប្រកាសស្ថានភាពគ្រាអាសន្នធ្ងន់ធ្ងរមួយនៅក្រុងបាងកក ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរមានសិទ្ធិអំណាចចាត់ការលើពួកអ្នកប្រឆាំងតវ៉ាខុសច្បាប់។
តាមបច្ចេកទេស ថៃកំពុងស្ថិតនៅក្រោមស្ថានភាពគ្រាអាសន្ននៅឡើយទេ ជាផ្នែកនៃការរឹតត្បិតប្រឆាំងនឹងកូវីដ១៩។
មុនប៉ូលិសចូលបង្ក្រាប អ្នកតវ៉ាប្រឆាំងយ៉ាងច្រើនបានចាកចេញពីតំបន់ខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីរួចជាស្រេច ក្រោយពីមេដឹកនាំបាតុកម្មម្នាក់បានប្រកាសបញ្ចប់ការជួបជុំនៅក្រៅវិមានរដ្ឋាភិបាល តែទោះជាយ៉ាងណានៅសេសសល់អ្នកប្រឆាំងតវ៉ាពីរបីរយនាក់ទៀត។ មេដឹកនាំនេះបានប្រកាសថា ការជួបជុំនឹងរើទៅកាន់ទីតាំងផ្សេងមួយនៅក្នុងក្រុងបាងកកនៅរសៀលថ្ងៃព្រហស្បតិ៍។
ការជួបជុំតវ៉ាចុងក្រោយនេះបានចាប់ផ្តើមកាលពីថ្ងៃពុធ ដោយអ្នកចូលរួមរាប់ពាន់នាក់បានដើរដង្ហែចេញពីវិមានប្រជាធិបតេយ្យក្នុងក្រុង ទៅកាន់វិមានរដ្ឋាភិបាល។វាជាការជួបជុំតវ៉ាធំលើកទី៣របស់ពួកសកម្មជន ដែលធ្វើយុទ្ធនាការសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ការតវ៉ាប្រឆាំងនេះបានទាក់ទាញការចាប់អារម្មណ៍ ដោយសារតែការទាមទាររបស់គេ រួមមានការកែទម្រង់របបរាជានិយមអាស្រ័យធម្មនុញ្ញដែលពួកគេអះអាងថាកំពុងត្រូវបានអនុវត្តមិនត្រឹមត្រូវក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យមួយ។
ការទាមទារនេះបង្កភាពចម្រូងចម្រាសដ៏ខ្លាំង ដោយសារតែស្ថាប័នព្រះមហាក្សត្រថៃត្រូវហាមប្រាមដោយច្បាប់មិនឲ្យប៉ះពាល់និងត្រូវបាន់ចាត់ទុកជារបស់ពិសិដ្ឋនិងជាសសរនៃអត្តសញ្ញាណថៃជាយូរលង់មកហើយ។
ពួករាជានិយមថៃដែលប្រកាន់អភិរក្ស ចោទប្រកាន់ពួកអ្នកតវ៉ាទាមទារទាំងនេះថា ស្វះស្វែងបញ្ចប់របបរាជានិយម ជាការចោទប្រកាន់ដែលពួកគេបានច្រានចោលនិងថាការទាមទារឲ្យកែទម្រង់នេះគឺដើម្បីនិរន្តភាពរបស់របបរាជានិយមតែប៉ុណ្ណោះ។មុនចាកចេញពីវិមានប្រជាធិបតេយ្យកាលពីថ្ងៃពុធ មានការប៉ះទង្គិចតូចៗជាច្រើនរវាងអ្នកប្រឆាំងតវ៉ានិងអ្នកគាំទ្ររបបរាជានិយម ដោយខ្លះដាល់គ្នានិងគប់ដបទឹកដាក់គ្នា នៅពេលប៉ូលិសព្យាយាមចូលអន្តរាគមន៍។
សូមបញ្ជាក់ថា ចលនាប្រឆាំងតវ៉ានេះបានចាប់ផ្តើមកាលពីខែមីនាដោយពួកនិស្សិតសកលវិទ្យាល័យតែត្រូវបានផ្អាកទៅវិញនៅពេលវីរុសកូរ៉ូណាវាយលុកថៃ។វាបានវិលមកវិញនៅខែកក្កដានៅពេលការគំរាមពីវីរុសបានធូរស្រាល និងត្រូវបានជំរុញនាំមុខដោយក្រុមនិស្សិតដដែល អមដោយការចុះផ្សាយក្នុងបណ្តាញសង្គម។
ការទាមទារដើមរបស់ចលនានេះ គឺបោះឆ្នោតជាថ្មី កែរដ្ឋធម្មនុញ្ញដើម្បីធ្វើឲ្យវាមានលក្ខណៈប្រជាធិបតេយ្យឡើង និងបញ្ចប់ការបំភិតបំភ័យសកម្មជន។ពួកអ្នកប្រឆាំងតវ៉ា ចោទប្រកាន់លោកប្រាយុទ្ធដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ ថាវិលមកកាន់អំណាចដោយមិនត្រឹមត្រូវ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដោយសារតែច្បាប់ត្រូវបានផ្លាស់ប្តូរដើម្បីគាំទ្រគណបក្សដែលមានប្រភពចេញពីក្រុមយោធា៕ប្រែសម្រួល៖វាសនា/Ha
អ្នកប្រឆាំងតវ៉ាប្រឈមមុខជាមួយប៉ូលិស កាលពីយប់ថ្ងៃពុធ