រយៈពេល​៣០​ឆ្នាំ ម៉ាឡេស៊ី ផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​កម្ពុ​ជាជាង​១.៦០០ នាក់​

99
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ចាប់តាំងពី​ឆ្នាំ​១៩៩១ មកដល់​ពេលបច្ចុប្បន្ន ពោល​មាន​រយៈពេល​៣០​ឆ្នាំ មន្ត្រី​កម្ពុជា ជាង​១៦០០​នាក់ បានទទួល​ការបណ្តុះបណ្តាល​ពី​កម្មវិធី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ម៉ាឡេស៊ី ហៅ​កាត់​ថា​ជា​ភាសា​អង់គ្លេស MTCP​។​

​កម្មវិធី MTCP នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​មាន​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស ។​
​លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​ជួបជុំ​អតីត​និស្សិត MTCP​នាពេល​ថ្មីៗ​នេះ បាន​មាន​ប្រសា​ន៍​ថា ទំនាក់ទំនង​រឹងមាំ រវាង​ម៉ាឡេស៊ី​និង​កម្ពុជា ត្រូវបាន​គាំទ្រ​ដោយ​ផលប្រយោជន៍​ទៅវិញទៅមក និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​។​

​លោក​ទូត​បានឱ្យដឹងថា​៖​ចន្លោះ​ឆ្នាំ ២០១៥ ដល់ ២០១៩ ជា​រៀងរាល់ឆ្នាំ​វគ្គ​បណ្តុះបណ្តាល រយៈពេល​ខ្លី​ជាង ៥០ វគ្គ​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា កសិកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ការអប់រំ​បរិស្ថាន ការបណ្តុះបណ្តាល​បច្ចេក​ទេស​ឧស្សាហកម្ម ការទូត ការគ្រប់គ្រង​សាធារណៈ​និង​រដ្ឋបាល​សេវាកម្ម​សាធារណៈការ អភិវឌ្ឍ​សង្គម​និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង ICT ត្រូវបាន​ផ្តល់ជូន ដោយ​ស្ថាប័ន​បណ្តុះបណ្តាល​ឈានមុខ​គេ របស់​ម៉ាឡេស៊ី​ដែល​ភាគច្រើន​ជា​មជ្ឈមណ្ឌល​ឧត្តមភាព​សម្រាប់​ការបណ្តុះបណ្តាល​។​

​លោក​បាន​បញ្ជាក់ថា​៖«MTCP បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ឡើង​រវាង​ទីភ្នាក់ងារ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង​បាន​លើកទឹកចិត្ត ឱ្យមាន​កិច្ចសហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ រវាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​លើកទឹកចិត្ត ឱ្យមាន​ការចូលរួម នាពេល​អនាគត​បន្ថែម​ទៀត ពី​មន្ត្រី​កម្ពុជា​នៅក្នុង MTCP ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍ ដល់​ទំនាក់ទំនង​ទ្វេភាគី របស់​យើង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជួយ ក្នុងការ​អភិវឌ្ឍ​អាជីព​របស់​អ្នកចូលរួម​ផងដែរ​»​។​

​សូមជម្រាបថា​គោលបំណង​នៃ​ជំនួប​ទទួលទាន​អាហារ​របស់​អតីត​និស្សិត MTCP​នេះ គឺ​ដើម្បី​លើកកម្ពស់​ការផ្សារភ្ជាប់​និង​ជំរុញ​ចំណងមិត្តភាព​យូរអង្វែង និង​រឹងមាំ​ជាមួយ​អស់អ្នក ដែល​បាន​ចូលរួម​វគ្គ​សិក្សា​វគ្គ​មុនៗ​។​វា​ក៏​ជាការ​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​និង​ពង្រឹង​បណ្តាញ រវាង​មន្ត្រី​ស្ថានទូត ជនអន្តោប្រវេសន៍​ម៉ាឡេស៊ី និង​អតីត​អ្នកចូលរួម​នៅ MTCP៕

ទីតាំងផ្សាយពាណិជ្ជកម្ម