ដោយ: សាវរក្ស / ភ្នំពេញ: នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់ប្ញស្សីកែវ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយសង្គ្រោះបន្ទាន់ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១២៨ គ្រួសារ រស់នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ប្រតិបត្តិការចុះសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់ខាងលើនេះ មានការចូលរួមផងដែរពី លោក លោកស្រី អនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកអនុប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាខណ្ឌ មន្ត្រីអនុសាខា មន្ត្រីសាលាខណ្ឌ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងអាជ្ញាធរភូមិ-សង្កាត់។
នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១២៨ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ ស្បៀងអាហារ និងថវិកាមួយចំនួន៕ ល