ដោយៈ ភ្នំខៀវ / បាត់ដំបងៈ មន្ត្រីជំនាញធនធានទឹក និងអាជ្ញាធរ នៅតែបន្តបើកទ្វារបង្ហូរទឹក ពីអាងស្តុកទឹក កំពីងពួយ ដើម្បីរំដោះទឹក ដែលជន់ខ្លាំង ពីផ្នែកខាងលើ។ ទន្ទឹមគ្នានឹងស្ថានភាពទឹកជំនន់ ទូទាំងខេត្តបាត់ដំបង ត្រូវបានគ្របដណ្តប់ យ៉ាងខ្លាំង ពិសេសនៅតាមតំបន់ព្រំដែន ភាគខាងលិច ហើយក៏បានស្រកទៅវិញ ជាមួយគ្នា ស្រាប់តែទឹកនៅក្នុងអាងកំពីងពួយ បានចាប់ផ្តើមហក់ឡើងយ៉ាងច្រើនលើសលប់ ធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សម្រេចបើកទ្វារទំនប់ទី២ អាងទឹកកំពីងពួយ រយ:ពេល ២-៣ ថ្ងៃកន្លងមកនេះ ដើម្បីបញ្ចៀសទឹក ដែលជោរជន់ កើនឡើង កាន់តែខ្ពស់ ឲ្យហូរចាក់ ទៅតំបន់ផ្នែកខាងក្រោម។
ប្រជាកសិករ រស់នៅលើខ្នងទំនប់ កំពីងពួយ ខាងលើ បានប្រាប់ឲ្យដឹងថាៈ អាជ្ញាធរ និងមន្ត្រីជំនាញ បានបើកទ្វារទំនប់ទាំង៥ ចាប់តាំងពីថ្ងៃទី១២ ខែតុលា មក ។ ការបើកទឹកទម្លាក់ចុះនេះ បានធ្វើឲ្យទឹកហូរធ្លាក់ចុះទៅផ្នែកខាងក្រោម បង្កការជន់លិចលំនៅ និងស្រែចម្ការរបស់ប្រជាពលលដ្ឋ អស់ជាច្រើនហិកតា ដូចជាតំបន់ឃុំគោកឃ្មុំ បន្សាយត្រែង អូរតាគី ដងរុន ឃុំជ្រៃ កកោះ ពពាលខែ ឃុំតាគ្រាម ឃុំភ្នំសំពៅ របស់ស្រុកថ្មគោល និងស្រុកបាណន់ជាដើម។
ចំពោះការបើកទ្វារទឹកចេញពីផ្ទៃអាងនេះដែរ លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថាៈ ការបើកទ្វារទឹក ស្របតាមបច្ចេកទេសជំនាញ មួយរយៈមកនេះ ដើម្បីបន្ធូរសម្ពាធធារទឹក ដែលជន់ឡើងកាន់តែខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ និងជាវិធានការការពារមួយ សំដៅបញ្ចៀស ទប់ស្កាត់នូវ បញ្ហាគ្រោះថ្នាក់ផ្សេងៗ កាន់តែធំលើបងប្អូនប្រជាពលរដ្ឋ នៅតំបន់ផ្នែកខាងក្រោម។ រីឯស្ថានភាពទឹក នៅថ្ងៃទី១៤ ខែតុលានេះដែរ ទឹកបានស្រកចុះបន្តិចហើយ យើងអាចគ្រប់គ្រងបាន ដោយមិនមានការគំរាមកំហែង គួរឲ្យព្រួយបារម្ភ ដូចមុនឡើយ៕/V/Ha






