ដោយ: គ្រញូង / បាត់ដំបង: លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ នៅទូទាំងខេត្ត អាជ្ញាធរខេត្ត ស្រុក ក្រុង និងសមត្ថកិច្ចបានជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ក្នុងថ្ងៃទី១៤ខែតុលា បានចំនូន ២៧៥គ្រួសារ បូកយោងសរុបចំនួន២.៩៥១គ្រួសារលើ៦៧គោលដៅ នៅក្នុងស្រុកចំនួន ១០និងឃុំចំនួន៣៣ឃុំ។
អ្នកនាំពាក្យបានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមមាន៖ កម្លាំងយោធភូមិភាគទី៥ កម្លាំងប្រតិបត្តិការសឹកបាត់ដំបង កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំចំរុះអធិការស្រុក មន្ត្រីស្ម័គ្រចិត្តលេខាធិការដ្ឋានខេត្តសរុបប្រមាណ ១.៥៣២នាក់។ បច្ចប្បន្នដោយសារទឹកស្ទឹងស្រកច្រើនម៉ែត្រ បានដកកម្លាំងចេញពីតំបន់មួយចំនួន ដែលសភាពស្រាលមួយកម្រិត។
លោក សឿម ប៊ុនរិទ្ធ បានបន្តថា ស្ថានភាពទឹកជំនន់បានធូរស្រាលមួយចំនួនធំហើយ ប៉ុន្តែនៅចំណុចខាងក្រោមអាងកំពីងពួយនៅប៉ះពាល់ឃុំចំនួន២ នៃស្រុកបាណន់ និងនៅស្រុកមោងឫស្សី ប៉ះពាល់ចំនួន១ឃុំ។ ចំពោះការចែកអំណោយសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះដោយទឹកជំនន់បាន២.១១៤គ្រួសារ បូកយោងសរុបចំនួន៧.៦៦១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី និងត្រីខក្នុងស្រុកក្រុងចំនួន១០រួមមាន៖ ក្រុងបាត់ដំបង ស្រុកបាណន់ ថ្មគោល រុក្ខគិរី សង្កែ គាស់ក្រឡ សំពៅលូន សំឡូត រតនមណ្ឌល និងស្រុកបវេល ក្នុងនោះមានអំណោយរបស់សម្តេចក្រឡាហោម អំណោយក្រុមការងារ អំណោយលោកអភិបាលខេត្ត អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត អំណោយ សសយ និងអំណោយសប្បុរជន។
ដោយឡែកផលប៉ះពាល់បឋមដល់ផ្ទះប្រជាពលរដ្ឋសរុប៣៨.៨៩០គ្រួសារ ស្មើនឹង១៤ស្រុក ៨៩ឃុំ។ ផលប៉ះពាល់ដំណាំស្រូវសរុប ៨២.៤៧៦ហិកតា និងផលប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មសរុប៤៩.៦១៦ហិកតា ក្នុងស្រុកចំនួន១០ និងខូចខាតដោយទឹកជំនន់សរុប ២៦.៩០៧ហិកតា នៅស្រុកចំនួន៥ រួមមានស្រុកថ្មគោល បវេល រតនមណ្ឌល សំពៅលូន និងស្រុកកំរៀង៕ ល