រដ្ឋមន្ត្រី​​ការបរទេស​អាម៉េរិក និយាយ​សម្រាល​អំពី​ហានិភ័យ​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​កូរ៉េ​ខាងជើង​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​ជាការ​គំរាម​ធ្ងន់ធ្ងរ​

116
ចែករម្លែក

​លោក ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ពុធ​ទី​១៤​តុលា​បាន​និយាយ​សម្រាល​អំពី​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ថ្មី​(ICBM) របស់​កូរ៉េ​ខាងជើង​ដែល​បាន​បង្ហាញ​នៅក្នុង​ព្យុហយាត្រា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​និយាយ​​ថា​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ដោយ​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ​បាន​ទទួល​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​។​

​នៅ​ព្យុហយាត្រា​យោធា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ព្យុងយ៉ាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការ​ហែ​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ថ្មី​ដែល​ក្រុម​អ្នកវិភាគ​និយាយថា ជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​​ចល័ត​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក​។​

​ប៉ុន្តែ លោក ម៉ៃ ផ​ម​ផេវ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​លោក ដូ​ណា​ល់​ត្រាំ​ជាមួយ លោក គីម ជុង​អ៊ុន កាលពី​ឆ្នាំ​២០១៨ បាន​និយាយថា​មានតែ​ការសាកល្បង​ប៉ុណ្ណោះ​ទេ ដែល​អាច​ធ្វើ​ឱ្យ​ប្រាកដ​​ថា មី​ស៊ី​ល​មួយ អាច​ដំណើរការ​បាន​ឬ​យកមកប្រើ​បាន​នោះ ។​

​លោក ម៉ៃ ផ​ម​ផេវ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ទោះជា​យ៉ាងណា កូរ៉េខាងជើង មិនបាន​ធ្វើ​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ទេ​កាលពី​ឆ្នាំមុន​។​ដូច្នេះ វា​ជា​ការពិត​ដែល កិច្ចព្រមព្រៀង​នោះ​ បាន​នាំទៅដល់​ការកាត់បន្ថយ​ហានិភ័យ​សម្រាប់​សហរដ្ឋ​អាម៉េរិក​និង​កន្លែង​ផ្សេង​ទៀត ហើយ​យើង​បន្ត​ដើរ​លើ​ផ្លូវ​ដែល​រដ្ឋបាល​មុន​បាន​ចូលរួម​។​

​ទោះ​ជា​រដ្ឋមន្ត្រី​ការបរទេស​និយាយ​សម្រាល ក៏​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក​ម៉ាក អ៊ី​ស​ភើ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កម្មវិធី​នុយគ្លេអ៊ែរ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង បង្ក​ការ​គំរាម​ជា​​សកល​មួយ​។​

​ថ្លែង​នៅ​មុន​ការចាប់ផ្តើម​ជំនួប​មួយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​នៅ​ក្រសួង​ការពារជាតិ​អាម៉េរិក លោក​អ៊ី​ស​ភើ បាន​និយាយថា «​យើង​យល់​ស្រប​ថា​កម្មវិធី​នុយគ្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​​នៅតែ​ជា​ការ​គំរាម​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សន្តិសុខ​និង​ស្ថិរភាព​របស់​តំបន់​និង​ពិភពលោក​។​អាម៉េរិក​នៅតែ​ប្តេជា​ផ្តល់​សន្តិសុខ​ដល់​សាធា​រណ​រដ្ឋ​កូរ៉េ​»​។​

​លោក​បាន​បន្ថែមថា ទោះជា​យ៉ាងណា​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​ត្រូវតែ​ស្វែងរក​វិធី​ស្មើភាព​គ្នា​ឡើង​មួយ​ក្នុង​ការចែករំលែក​ការចំណាយ​លើ​ការដាក់​កងកម្លាំង​យោធា​អាម៉េរិក​នៅក្នុង​កូរ៉េខាងត្បូង​៕​ប្រែ​​សម្រួល​៖​សុខា​/sn

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ

ទីតាំងផ្សាយពាណិជ្ជកម្ម