ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ទៅ​ចុះសាកសួរ​សុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​។​

​ជំនួប​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ការទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឪ​វាទ​នៃ​ស្ថាប័ន​ព័ត៌មាន ហើយ​និង​ពង្រឹង​ដល់​មន្ត្រី​ព័ត៌មាន​តាម​បណ្តា​ខេត្ត​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​លើ​វិស័យ​ព័ត៌មាន ឲ្យ​បាន​លឿន​រហ័ស​ទាន់​ហេតុ​ការ ដូច​មាន​ទិស​ស្លោក​របស់លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា “​មនុស្ស​ស្គាល់ផ្លូវ ក្មេង​ដើរ​លឿន​”​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ​។ លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​បាន​ឡើង​ធ្វើ​សេចក្តីរាយការណ៍​ពី​ស្ថានភាព និង​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ក្នុង​រយៈពេល​កន្លងមក​និង​ចុងក្រោយ​។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​ស្នូល​របស់ខ្លួន បានទទួល​ជោគជ័យ​ពិសេស​លើ​ការងារ​ទូរទស្សន៍ និង​វិទ្យុ​ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ផ្សាយ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ យើង​ជា​អ្នកសារព័ត៌មាន​ថ្នាក់ជាតិ ដូចនេះ​ប្រជាពលរដ្ឋ​មហាជន​ទាំងអស់ គាត់​ចង់ដឹង​ព័ត៌មាន​ពិតប្រាកដ សំខាន់​យើង​ជា​អ្នក​ចុះ​យក​ព័ត៌មាន​ជិត​ក្តី​ឆ្ងាយ​ក្តី គឺ​ធ្វើយ៉ាងណា​ឲ្យ​លឿន​រហ័ស ទាន់​ហេតុការណ៍​។​

​លោក​បាន​បន្ថែមថា ព័ត៌មាន​វា​ជា​អាវុធ ជា​មុខទំនិញ​ផង អ​ញ្ជឹ​ង​បើ​ចង់​ឲ្យ​គេ​មើល​គេ​ស្តាប់​យើង​បាន​ច្រើន​គឺ​ត្រូវ​សរសេរ​ព័ត៌មាន​ពិត ត្រង់ តើ​ប្រជាពលរដ្ឋ​ប្រឈម​លើ​ប​ញ្ហ​អ្វី ? តើ​អាជ្ញាធរ​បាន​ជួយ​ដោះស្រាយបាន​អ្វីខ្លះ​ជូន​ពួកគាត់​នោះ​ទើប​យើង​ទទួលបាន​ជោគជ័យ​?

​ចុងក្រោយ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ទាំងអស់​ត្រូវ​ចុះ​បង្រួបបង្រួម​គ្នា​ធ្វើការ​។ ប្រធាន​មន្ទីរ​ដំបូង​បំផុត​គឺ​ពង្រឹង​សាមគ្គីភាព កុំ​បែងចែក​បក្សពួក ត្រូវប្រកាន់យក​ភាពយុត្តិធម៌ ផ្នែក​លើ​វិន័យ​និង​គោលការណ៍​៕