ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថៃ្ងទី១៤ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត រួមជាមួយសមាជិ សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន អង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ សរុបប្រមាណជា ៧០ នាក់ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ៨ ឆ្នាំ នៃព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ និងបានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន ៩ អង្គ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ។
បន្ទាប់ពីព្រះសង្ឃស្វាធ្យាយជយបរិត្តរួចហើយ លោក ឈួរ ច័ន្ទឌឿន បានអានព្រះរាជជីវប្រវត្តិសង្ខេប របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជូនដល់អង្គពិធីបានជ្រាប ហើយក៏បានប្រគេនសាដក និងបច្ច័យដល់ព្រះសង្ឃ ៩ អង្គ ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ៕/V



