Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ៖​ថ្វាយ​ព្រះ​រាជកុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​ថ្ងៃ​ខួប​៨​ឆ្នាំ​ នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ​ពេ​ញា​៖​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​នេះ​ ជា​ថ្ងៃ​ខួប​៨​ឆ្នាំ​នៃ​ការយាង​ចូល ព្រះ​ទិវង្គត​នៃ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ សារ​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់ ​ថ្វាយ​ព្រះ​រាជកុសល​ថ្វាយ​ព្រះ​វិ​ញ្ញាណ​ក្ខ​ន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​ស្តេចយាង​បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​សបុ​កថា​៖ «​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០២០​នេះ ​គឺជា​ខួប​ទី​៨​ឆ្នាំ (១៥​តុលា ២០១២-១៥​តុលា​២០២០) នៃ​ការយាង​ចូល​ព្រះ​ទិវង្គតនៃ​ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​។​ប្រជារាស្ត្រ​ទូទាំងប្រទេស ​ព្រមទាំង​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។​សូម​ថ្វាយ​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។​

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១២​ ​នៅ មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន ។ ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​ ​និង​បាន​តម្កល់​រយៈពេល​៩០ ថ្ងៃ​នៅក្នុង​ព្រះបរមរាជវាំង​ដើម្បី​ឲ្យ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ អង្គទូត ព្រមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត ចូល​សម្តែង​ព្រះរាជ​មរណទុក្ខ​និង​គោរព​ព្រះ វិញ្ញាណក្ខន្ធ ។​

​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ដ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ប្រជារាស្ត្រ​ខ្មែរ​នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេច​ជា​រៀងរហូត​នោះ​គឺ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ ឯក រាជ្យ​ជូន​ប្រជាជាតិ​ខ្មែរ​ពី​នឹម​អាណានិគម​បារាំង​រហូត​ទទួលបាន​ជោគជ័យ​នូវ​ឯករាជ្យ​ទាំងស្រុង​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣​។​ព្រះអង្គ​បាន​បន្ត​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស ក្នុងសម័យ​សង្គមរាស្ត្រនិយម​ ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ស្គាល់​ការរីកចម្រើន​និង​ភាព​ស៊ី​វិ​ល័យ​យ៉ាង​ឆាប់រហ័ស​ដោយ​ទទួល​បានការ​សាទរ​ទាំងពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​និង មជ្ឈដ្ឋាន​អន្តរជាតិ​។​

​ជា​កិច្ច​តបស្នង​ព្រះមហា​ករុណា​ទិ​គុណ​និង​ព្រះ​ទសពិធរាជធម៌​ដ៏​ថ្លៃថ្លា​វិសេសវិសាល​របស់​ព្រះអង្គ រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ថ្ងៃ​ បុណ្យជាតិ​និង​ជា​ថ្ងៃ​កាន់​មរណទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គដោយ​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ គ្រប់​ក្រសួង ស្ថាប័ននិង​ប្រជារាស្ត្រ​ទូទាំងប្រទេស​តែង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប ឬ ប្រាសាទ​តូច​តម្កល់​ព្រះ​បរម​រូប​ស្ថិតនៅ​សួនច្បារ​វិមាន​ឯករាជ្យ​និង​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព វត្ត​អារាម និង មណ្ឌល​សាសនា​នានា ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular