ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ លោក កែវ វៃ បានឲ្យដឹង នៅត្រឹមរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះថាៈ ស្ថានភាពកម្ពស់ទឹកជំនន់ នៅស្ទឹងពោធិ៍សាត់ បានចាប់ផ្ដើមស្រកចុះវិញបណ្ដើរៗហើយ នៅពេលកម្ពស់ទឹកជំនន់ នៅស្ទឹងក្រវាញ និងស្ទឹងវាលវែល ក៏បានស្រកចុះច្រើនហើយដែរ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ថាៈ ដោយគិតត្រឹមវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៤ តុលា ស្ថានភាព កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ បានស្រកចុះ មកនៅត្រឹម ៥,០៨ ម៉ែត្រ សឹ្ទងក្រវាញ នៅត្រឹម ៣,៤៩ ម៉ែត្រ និងនៅស្ទឹងវាលវែង វិញ នៅត្រឹមតែ ១,២៦ ម៉ែត្រហើយ។
លោក កែវ វៃ បានឲ្យដឹងទៀតថាៈ នៅវេលាយប់ ឬនៅថ្ងៃស្អែកនេះ កម្រិតទឹកស្ទឹង ទាំងបីខាងលើ នឹងបន្តស្រកចុះបន្ថែមទៀត។
តែបើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានអំពាវនាវហើយអំពាវនាវទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន នៅគ្រប់ពេលវេលា ចំពោះបញ្ហាទឹកភ្លៀងធ្លាក់ បញ្ហាទឹកជំនន់ និងទ្រព្យសម្បត្តិ សត្វចិញ្ចឹមរបស់ខ្លួន និងកុមាតូចៗ មាតាបិតា អាណាព្យាបាល សូមមានការប្រុងប្រយ័ត្ន កំុទុកកូនឲ្យនៅតែឯង ពិសេសសូមប្រុងប្រយ័ត្ន នៅពេលសត្វអាសិរពិស (ពស់ ក្អែប ខ្ទួយ) ទិចខាំ សូមប្រញាប់បញ្ជូនទៅមន្ទីពេទ្យបន្ទាន់ នៅពេលទឹកស្រកចុះ ទៅវិញ ៕/V/Ha