ចិនថាអាម៉េរិកធ្វើឱ្យអន្តរាយស្ថិរភាពច្រកសមុទ្រតៃវ៉ាន់

226
ចែករម្លែក

ចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលាថា សហរដ្ឋអាម៉េរិកកំពុងតែធ្វើឱ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពយ៉ាងខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់បន្ទាប់ពីនាវាពិឃាដរបស់កងទ័ពជើងទឹកអាម៉េរិកមួយគ្រឿងបានបើកឆ្លងកាត់សមុទ្រនេះ ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងតៃប៉ិ។

លោក ចាង ឈុនហ៊ុយ អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិនបានតាមដាននិងឃ្លាំមើលនាវា USS Barry នៅពេលដែលនាវាពិឃាដនេះធ្វើនូវអ្វីដែលកងទ័ពជើងទឹកអាម៉េរិកហៅថា “ការឆ្លងកាត់ជាទម្លាប់តាមច្រកសមុទ្រតៃវ៉ាន់” កាលពីថ្ងៃពុធ។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តចចេសរឹងរូសមួយ ដែលចាំបាច់ត្រូវបង្រួបបង្រួមជាមួយចិនដីគោកវិញដោយកម្លាំង ប្រសិនបើចាំបាច់។ យ៉ាងណាមិញ រដ្ឋាភិបាលអាម៉េរិកបានបង្កើនការគាំទ្រដល់កោះនេះនាពេលថ្មីៗនេះដើម្បីគាំទ្រនូវអ្វីដែលខ្លួនចាត់ទុកថាជាទីតាំងប្រជាធិបតេយ្យដ៏សំខាន់មួយ។

ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោននិងតៃប៉ិពីបទ “ឃុបឃិតគ្នា” ឆ្ពោះទៅរកការប្រកាសឯករាជ្យភាពជាផ្លូវការសម្រាប់កោះនេះ ហើយថ្មីៗនេះបានបង្កើនសកម្មភាពកងទ័ពអាកាសនៅជិតកោះតៃវ៉ាន់ក្នុងការបង្ហាញកម្លាំង។

ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា សេតវិមានកំពុងតែជំរុញឆ្ពោះទៅរកការលក់យោធូបករណ៍ទំនើប ៗឱ្យទៅកោះតៃវ៉ាន់រួមទាំងដ្រូន MQ-9 និងប្រព័ន្ធការពារអាកាសនៅតាមឆ្នេរសមុទ្រ ដោយរឹតដុតបញ្ឆេះភាពតានតឹងដែលក្តៅគគុកស្រាប់ក្នុងទំនាក់ទំនងចិននិងអាម៉េរិក។

លោកចាងនិយាយថាសហរដ្ឋអាម៉េរិកគួរបញ្ឈប់ពាក្យសម្តីនិងសកម្មភាពបង្ករឿងរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា យោធាចិននឹងការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួនដាច់ខាត និងរក្សាស្ថិរភាពនិងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

ក្រសួងយោធាតៃវ៉ាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា នាវា USS Barry បានបើកបរនៅក្នុងទិសដៅឆ្ពោះទៅខាងជើងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយថាកងកម្លាំងតៃវ៉ាន់ក៏តាមដាននាវានេះដែរ ដោយបន្ថែមថាស្ថានភាពគឺស្ងប់ស្ងាត់ធម្មតា៕ ដោយ ៖ កញ្ញាដាលីស

នាវា USS Barry ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម