ដោយៈ មូលសម្បត្តិ / ភ្នំពេញៈ នៅឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក អាណាតូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានបង្ហាញពីការគាំទ្រ ដល់ការអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រ ដើម្បីសន្តិភាព និងការបណ្តុះបណ្តាល ធនធាន មនុស្ស សិក្សានៅប្រទេសរុស្សី លើផ្នែវិទ្យាសាស្ត្រ ។ នេះតាមការផ្សាយរបស់ក្រសួង បរិស្ថាន បានអោយដឹងនៅល្ងាចថ្ងៃទី១៤ ខែតុលា នេះ។
នៅក្នុងជំនួបនេះ លោក ANATOLY BOROVIK បានបញ្ជាក់ថាៈ កម្ពុជា មានការអភិវឌ្ឍ ដ៏ឆាប់រហ័ស និងបានពង្រឹង និងពង្រីកទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏ល្អ រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ជាលំដាប់។
ក្នុងឱកាសនោះ លោក សាយ សំអាល់ បានសំដែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មការទូត របស់លោកឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា និងបានលើក ឡើង អំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងរុស្ស៊ី។ លោកបានបញ្ជាក់ថាៈ កន្លងមក ប្រទេសរុស្សី បានជួយដល់ការស្តារ និងការអភិវឌ្ឍ ប្រទេសកម្ពុជា ជាពិសេសនៅពេលកម្ពុជា ទើបតែរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
លោក សាយ សំអាល់ បានមានប្រសាសន៍ ថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាល និងប្រជាជនរុស្សី ដែលបានជួយបណ្តុះបណ្តាល ធនធានមនុស្ស ជំរុញឲ្យកម្ពុជា រីកចម្រើន រហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនោះដែរ រដ្ឋមន្ត្រី បានពិភាក្សា លើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-រុស្សី លើការអភិវឌ្ឍ នៃបច្ចេកវិទ្យា និងការបណ្តុះបណ្តាល និស្សិតផ្នែកវិទ្យាសាស្ត្រ ឱ្យបានច្រើនថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍប្រទេស កាន់តែមានការរីកចម្រើន៕/V


