ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” នឹង​បង្ហាញ​របស់​យក្ស​ចំនួន​៥ ដើម្បី​ឲ្យ​អ្នកចូលរួម​ភ្ញាក់ផ្អើល​

1474
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” នឹង​បង្ហាញ​របស់​យក្ស​ចំនួន​៥ ដើម្បី​បង្ហាញ​ពី​ការទាក់ទាញ និង​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ខាងមុខនេះ​។ របស់​យក្ស​ទាំង​៥ រួមមាន​: ឈ្នាង​យក្ស ទ្រូ​យក្ស អ​ង្រ​ត់យ​ក្ស ផ្ការំដួល និង​កណ្តៀវ​។​

​លោក ស សុខា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ថ្លែង​បញ្ជាក់ថា គោលបំណង នៃ​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង គឺ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ តាមរយៈ​ការរៀបចំ​ពិធី​សាសនា ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ទស្សនីយ៍ភាព សិល្បៈ ល្បែង​ប្រជាប្រិយ តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ពី​ដូនតា ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បាន​ស្គាល់​កាន់តែច្បាស់ ពី​វប្បធម៌ និង​អរិយធម៌ ដ៏​រុងរឿង​របស់​ខ្មែរ​តាំងពី​បុរាណ​។​

​លោក​បាន​បញ្ជាក់ថា ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” នឹងមាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចន្លោះ​ពី ១៥​ម៉ឺន​នាក់​ទៅ​២០​ម៉ឺន​នាក់ ចូលរួម​ក្នុង​ព្រឹ​ត្ដិ​ការណ៍ “​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨” ដែល​ប្រព្រឹត្តឡើង រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ក្រុង​ព្រៃវែង​។​

​ជាមួយគ្នានេះ លោ​កស សុខា ក៏បាន​បង្ហើប​អំពី​ការដាក់​បង្ហាញ​ទូក​ដែលមាន​ប្រវែង​៨៥​ម៉ែត្រ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ នៅក្នុង​ពិធី​“​សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨”​។ លោ​កស សុខា បាន​មានប្រសាសន៍ថា សង្ក្រាន្ដ​ព្រៃវែង ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ហើយដោយ​មានការ​គាំទ្រ និង​មានការ​ចង្អុលបង្ហាញ​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការបង្កើត​សង្ក្រាន្ត​នៅ​ខេត្តព្រៃវែង​។ គោលបំណង​នេះ មិន​ខុសពី​អ្វីដែល​បានរៀបចំ​ក្នុង​កម្មវិធី​សង្ក្រាន្ត​សៀមរាប ឬមួយ​សង្ក្រាន្ត​នៅ​ខេត្ត​ដទៃទៀត​។ សង្ក្រាន្ត​នៅ​សៀមរាប​ប្រជាពលរដ្ឋ​ខ្លះ​ឃើញ​តាមតែ​ទូរទស្សន៍ ប៉ុន្តែ​អ្នក​ដែលមាន​ឱកាស​ទៅ គឺ​តិច​ណាស់​។ អ្នក​ខេត្តព្រៃវែង ទៅលេង​ខេត្តសៀមរាប គឺ​ពិបាក​បន្តិច ក្នុងការ​ស្នាក់នៅ ហូបចុក (​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូប ឡើងថ្លៃ និង​ពិបាក​រក​) ទើបបាន​សម្រេច​គ្នា​រៀបចំ​សង្ក្រាន្ត​នៅ​ខេត្តព្រៃវែង និង​បង្កើត​កម្មវិធី​សប្បាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​។​

​លោក​បាន​បញ្ជាក់ថា ទាក់ទង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្ក្រាន្ត​នៅ​ខេត្តព្រៃវែង​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមេសា គឺ​នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ពី​១៥​ទៅ​២០​ម៉ឺន​នាក់ នឹង​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​ដល់​ប្រជាពលរដ្ឋ​។

​ចំណែក​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែងថា លោក​មាន​មោទនភាព​ណាស់ ដែល​បានធ្វើ​ការបង្កើត​នៅ​កម្មវិធី​សង្ក្រាន្ត​ព្រៃវែង ហើយ​តាមពិតទៅ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង នៅពេលដែល​ចូលឆ្នាំ​ខ្មែរ គឺ​ភាគច្រើន​នាំគ្នា​ទៅ​វត្ត កំសាន្ត​បុណ្យ​ភូមិ លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​។ ដោយ​លោក​បាន​លើកឡើងថា ខេត្តព្រៃវែង គឺជា​ខេត្ត​កសិកម្ម មិន​សំបូរ​ទៅដោយ​កន្លែង​រមណីយដ្ឋាន​ទេ ហើយ​រមណីយដ្ឋាន​មិនមាន​ច្រើន​កន្លែង​ប៉ុន្មាន​ទេ​។​

​លោក ខៀវ ភា​រិ​ទ្ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បាន​ថ្លែងថា គោលបំណង​ដែល​ធ្វើ​សង្ក្រាន្ត​ព្រៃវែង ឆ្នាំ​២០១៨ គឺ​ដើម្បី​រម្លឹក​ដល់​សិល្បៈ​បុរាណ ក៏ដូចជា​ល្បែង​ប្រជាប្រិយ ល្បែង​ប្រពៃណី និង​ជាការ​ផ្តល់ឱកាស និង​បញ្ចេញ​សមត្ថភាព​ទៅដល់​សិក្សា​នុ​សិស្ស យុវជន​គ្រប់​ស្រទាប់​ទាំងអស់ ដើម្បី​ចូលរួម​បង្កើត​និង​ច្នៃប្រឌិត​ក្នុង​កម្មវិធី​នេះ​ឡើង ដើម្បី​ទុក​ជូន​ជា​មរតក​សម្រាប់​អ្នក​ខេត្តព្រៃវែង​។

​លោក​បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង គឺ​នៅលើ​សួន​សម្តេច ជា ស៊ីម នឹង​បង្ហាញ​របស់​យក្ស​ចំនួន​៥ ហើយ​បានជ្រើសរើស​យក​តំបន់​ចុង​ប៉ម (​ជិត​រដ្ឋបាល​សាលាខេត្ត​) នឹងមាន​ការរៀបចំ​ស្តង់​យុវជន និង​ស្តង់​របស់​មន្ទីរ​វិស័យ ដើម្បី​បង្ហាញ​នៅ​សម​ទ្ធិ​ផល​របស់ខ្លួន​ដែល​បានធ្វើ​កន្លងមក​។ នៅ​ចុង​ប៉ម​នេះ ក៏បាន​រៀបចំ​ឆាក​បុរាណ និង​រចនាបថ​ភ្លើង ដើម្បី​បំពេញ​នៅ​តម្រូវការ​របស់​មនុស្ស​ចាស់ ដូចជា​ការសម្តែង​នូវ​ល្ខោនបាសាក់ យីកេ ល្ខោន​តូច ល្ខោន​ធំ …​។​ល​។ ហើយ​ជាពិសេស​ក៏មាន​ការ​ជ្រើសរ​សើ​បវរកញ្ញា​វ័យចាស់ គឺ​ចាប់ពី​អាយុ​៥៥​ឆ្នាំ ដល់​៦៥​ឆ្នាំ ដើម្បី​ផ្តល់ឱកាស​ឲ្យ​គាត់ នៅ​សម្រស់ មិនមែន​មានន័យថា ឲ្យ​តែ​ក្មេង​បាន​ស្អាត​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម