ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែតុលា នេះ ជំនន់ទឹកភ្លៀង បានគំរាមកំហែងរាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់ប្រជាពលរដ្ឋ ជាង ១៩ម៉ឺននាក់ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ជាង១២.០០០នាក់ ផ្ទះប៉ះពាល់ជិត ៥ម៉ឺនខ្នង និងស្លាប់មនុស្ស ចំនួន ១៣នាក់ រួមទាំងខូចខាតផលដំណាំផ្សេងៗ ផងដែរ។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាៈ ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង គិតពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ (ព្រឹក) មានដូចតទៅៈ ប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៦៩ក្រុង ស្រុក ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖
១.ខេត្តពោធិ៍សាត់ , ២. ខេត្តប៉ៃលិន , ៣. ខេត្តបន្ទាយមានជ័យ , ៤. ភ្នំពេញ , ៥. ខេត្តបាត់ដំបង , ៦. ខេត្តស្វាយរៀង , ៧. ខេត្តឧត្តរមានជ័យ , ៨. ខេត្តសៀមរាប , ៩. ខេត្តតាកែវ , ១០. ខេត្តកំពង់ស្ពឺ , ១១. ខេត្តមណ្ឌលគិរី , ១២. ខេត្តព្រះសីហនុ , ១៣. ខេត្តកោះកុង , ១៤. ខេត្តព្រះវិហារ , ១៥. ខេត្រស្ទឹងត្រែង , ១៦. ខេត្តកំពង់ចាម , ១៧. ខេត្តកណ្តាល , ១៨. ខេត្តកំពង់ឆ្នាំង និង១៩. ខេត្តកំពង់ធំ ។
គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថាៈ ប៉ះពាល់ប្រជាជន ប្រមាណ ៤៨.៣១៧ គ្រួសារ ស្មើប្រមាណ ១៩៣.២៦៨ នាក់។ ប្រជាជន ជម្លៀសប្រមាណ ៣.០៩៤ គ្រួសារ ស្មើប្រមាណ ១២.៣៧៦ នាក់។ ប្រជាជនស្លាប់ ១៣ នាក់ (ក្មេង ៥នាក់)។ ផ្ទះប៉ះពាល់ប្រមាណ ៤៧.៩២៣ ខ្នង ផ្ទះខូចខាត ៥០ ខ្នង និងសាលារៀនលិចទឹក ៤២៥ កន្លែង។ ស្រូវលិចទឹកប្រមាណ ១៣១.៣២៩ ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦.៦៥៧ ហិកតា ។ ដំណាំរួមផ្សំ លិចទឹក ៥៥.៣៦០ ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦.៣០១ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ ។ ផ្លូវលំលិចទឹក ប្រមាណ ១.៤៥៩ គីឡូម៉ែត្រ និង ៣១ ខ្សែ។ ស្ពានលិចទឹកប្រមាណ ២៤ កន្លែង។ ទំនប់ប៉ះពាល់ ប្រមាណ ២១,៦ គីឡូម៉ែត្រ ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៣៥២,៤ គីឡូម៉ែត្រ៕/V