ក្រសួងមហាផ្ទៃ​សម្រេច​ឲ្យ​វាយ​កម្ទេចចោល ចំពោះ​សំណង់​អគារ​នៅ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​សាងសង់​គ្មាន​ច្បាប់

661
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / បន្ទាយមានជ័យ​៖ ក្រសួងមហាផ្ទៃ សម្រេច​អោយ​វាយកម្ទេច​ចោល​វិញ ចំពោះ​សំណង់​អគារ​ដ៏​ធំ​មួយ ស្ថិតនៅ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​សង្ស័យថា សាងសង់​គ្មាន​ច្បាប់ សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស និង​សង់​លើផ្លូវ​សួនច្បារ​សាធារណៈ​។

​សំណង់​អគារ​មួយ​នេះ ត្រូវបាន​ប្រភពព័ត៌មាន អះអាងថា បាន​សាងសង់​រួចរាល់​ប្រមាណ​៥០% មកហើយ និង ចំណាយ​ថវិកា​ប្រមាណ​ជិត​១​លាន​ដុល្លារ ឯណោះ និង ត្រូវបាន​ចាប់ផ្តើម​វា​យក​ម្ទេ​ចោល កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរអោយ​ទុកចិត្តបាន បានអោយដឹង នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា សំណង់​អគារ​មួយ​នេះ គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ ទេ សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស និង សង់​លើផ្លូវ​សួនច្បារ​សាធារណៈ ថែម​ទៀតផង ។​

​ប្រភពព័ត៌មាន ដដែល​បន្តថា សំណង់​អគារ​មួយ​នេះ​មិន​មានប្រើ​ថវិការដ្ឋ ទេ ដោយ​អ្នកផ្តើមគំនិត​សាងសង់​បាន​លុយ​ពី​សប្បុរសជន​ចូលរួម ហើយ​បទបញ្ជា​ថ្នាក់លើ​តម្រូវអោយ​វាយកម្ទេច​ចោល នាពេលនេះ គឺ សម​ស្របតាម​សំណូមពរ​ប្រជាពលរដ្ឋ ។

​ដោយឡែក យោងតាម​លិខិត​មួយច្បាប់ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជម្រាប​មក​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដោយបាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​សំណាក​ប្រាសាទ​កំពូល​បី (​ប្រាសាទ​ឋានសួគ៌​) ស្ថិតនៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារ​សំណង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មាន​រូប​ប្រាសាទ​កំពូល​បី និង មាន​រចនាបថ​ជា​ខ្មែរ​រួចហើយ ហេតុនេះ ពុំ​ចាំបាច់​សាងសង់​ទៀតឡើយ ។​

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្តថា ម្យ៉ាងទៀត ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៃ​រនាំង​បាំង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​និង​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រ​ថៃ , រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ត្រូវ​បញ្ឈប់​ការសាងសង់ និង ធ្វើការ​រុះរើ​សំណង់​នេះ​ចេញ ដោយ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​អោយបាន​ហ្មត់ចត់ ដើម្បី​បង្ការ​ហានិភ័យ​ជាយថាហេតុ ។​

​ចំពោះ​ទីតាំង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នេះ គួរ​ត្រួតពិនិត្យ​រៀបចំ​ជា​សួនច្បារ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ប៉ោយប៉ែត​អោយ​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម