ចិននឹងបន្តជំរុញមហិច្ឆតាបច្ចេកវិទ្យាជាន់ខ្ពស់សកលរបស់ខ្លួន នៅពេលប្រធានាធិបតី ស៊ី ជីនពីង ចាត់ទុកទីក្រុងទីក្រុងសិនចិនជាមជ្ឈមណ្ឌលនវានុវត្តន៍បំផុតរបស់ចិន ដើម្បីជំរុញយុទ្ធនាការអភិវឌ្ឍន៍ដំណាក់កាលបន្ទាប់របស់ចិន។
បេសកកម្មនេះហាក់ស្ថិតក្នុងភាពបន្ទាន់បន្ទាប់ពីការធ្លាក់ចុះដោយសារជំងឺឆ្លងកូវីដ១៩ និងការគំរាមរំលំរំលាយវាពីអាម៉េរិកនិងបណ្តាប្រទេសដទៃទៀត តែវាជាការប្រឈមមួយដែលក្រុមមេដឹកនាំចិនបានជ្រាបរួចជាស្រេច។
ក្នុងការថ្លែងសុន្ទរកថា៥០នាទីកាលពីថ្ងៃពុធទី១៤តុលា ដើម្បីកត់សំគាល់ខួបទី៤០ឆ្នាំចាប់តាំងពីក្រុងសិនចិនត្រួសត្រាយផ្លូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលបានជួយជំរុញកំណើនរបស់ចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍ថា «ចិនស្ថិតនៅក្នុងដំណាក់កាលសំខាន់មួយក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនចំពេលប្រឈមមួយ។ពិភពលោកសព្វថ្ងៃ កំពុងធ្វើការផ្លាស់ប្តូរធំៗដែលគេមិនដែលបានឃើញនៅរយៈពេល១សតវត្សរ៍មកនេះ …រចនាសម្ពន្ធសេដ្ឋកិច្ច វប្បធម៌ សន្តិសុខនិងនយោបាយ នៅត្រូវធ្វើការកែសម្រួលស៊ីជំរៅនៅឡើយ ហើយពិភពលោកបានឈានចូលក្នុងយុគផ្លាស់ប្តូរដ៏ជ្រួលច្របល់មួយ»។
ការងាររបស់ទីក្រុងបច្ចេកវិទ្យាសិនចិន គឺត្រូវបន្តកែទំរង់ និងបើកចំហនាំទៅរកនវានុវត្តន៍និងជំរុញផែនការមហាតំបន់ក្វាងទុង-ហុងកុង-ម៉ាកាវអោយក្លាយទៅជាកញ្ចុំឃ្លាំងសេដ្ឋកិច្ចរបស់ប្រទេស។ផែនការមេនេះតំរូវអោយធ្វើសមាហរណកម្មទីក្រុងចំនួន៩នៅក្នុងខេត្តក្វាងទុង រួមទាំងសិនចិន ហុងកុង និងម៉ាកាវដើម្បីបង្កើតមហាទីក្រុងមួយជាមួយនឹងកលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែន។
លោកស៊ីបានបន្តថា «វាចាំបាច់បន្តលើកទឹកចិត្តនិងណែនាំអោយជនរួមជាតិហុងកុង ម៉ាកាវនិងតៃវ៉ាន់ រួមទាំងអនិកជនចិននៅបរទេស អោយចូលមកវិនិយោគ»។
ការថ្លែងរបស់ស៊ី បានកើតឡើងតែ២សប្តាហ៍មុនកិច្ចប្រជុំដ៏សំខាន់មួយនៅក្រុងប៉េកាំង ដើម្បីដាក់ចេញផែនការសង្គម-សេដ្ឋកិច្ចរយៈពេល៥ឆ្នាំទៅមុខនិងផែនការមេសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចមួយទៀត។
សូមបញ្ជាក់ថា ប្រធានាធិបតីចិន បាននិងកំពុងទស្សនកិច្ចខេត្តក្វាងទុងនៅសប្តាហ៍នេះ ដោយបានទទូចអោយបណ្តាក្រុមហ៊ុនហសគ្រាសនិងកម្មករបង្កើតការពឹងលើខ្លួនឯងកាន់តែខ្លាំងឡើងនិងបង្កើននវានុវត្តន៍៕ប្រែសម្រួល៖វាសនា

ក្នុងពេលនៅក្រុងសិនចិន លោកស៊ី ជីនពីង បានដាក់កម្រងផ្កានៅស្តូបសមមិត្ត តេង ស៊ាវពីញ អ្នកត្រួសត្រាញផ្លូវក្នុងការបើកចំហសេដ្ឋកិច្ចចិន