ដោយៈ.ខុន/ភ្នំពេញៈបន្ទាប់ពីបានធ្វើការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ឃើញថា នៅថ្ងៃទី ១៥ ខែតុលានេះ សម្ពាធទាបសកម្មមួយ(ActiveLow)កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលឹមគានហោដ្ឋមន្ត្រីក្រសួងធនធានទឹកនៅថ្ងៃទី១៥ខែតុលានេះបានសរសេរថាតាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ ខែតុលាហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាបនៅពេលចូលមកក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា ។

ប្រភពដដែលបន្តថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលាមានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ។២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេស វៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ។៣- តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
ក្រសួងបញ្ជាក់ថាសូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕សរន



