ដោយ៖តារារិទ្ធ/ភ្នំពេញ៖ផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថាគិតត្រឹមម៉ោង៩៖៥០នាទីព្រឹកថ្ងៃទី១៥តុលា២០២០នេះមានសប្បុរសជនចូលរួមថវិកាប្រមាណចំនួន ៥,៧៩៥ ,០០០ដុល្លារនិង២០៤លានរៀលជួយដល់រាជរដ្ឋាភិបាលក្នុងការចូលរួមជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ។
របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានឲ្យដឹងថាពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០មានរាជធានី-ខេត្តចំនួន១៩បានរងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនសរុបជិត២០ ម៉ឺននាក់ក្នុងនោះស្លាប់ចំនួន ១៣ នាក់ (ក្មេង៥នាក់)។
ក្នុងរបាយការណ៍បានបញ្ជាក់ថាជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ ១៩ រាជធានី-ខេត្តស្មើ ៦៩ ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់រួមមាន៖ពោធិ៍សាត់,ប៉ៃលិន បន្ទាយមាន ជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ ។ បានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ៤៨,៣១៧គ្រួសារស្មើប្រមាណ១៩៣,២៦៨នាក់។ ប្រជា ជនជម្លៀសប្រមាណ៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ។ ប្រជាជនស្លាប់១៣នាក់ (ក្មេង ៥នាក់) ។ ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង, ផ្ទះខូចខាត ៥០ខ្នង ។ សាលារៀនលិចទឹក៤២៥កន្លែង ។ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតាក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា។ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ ហិកតាក្នុងនេះខូចខាតប្រមាណ ៦,៣០១ហិកតា។ផ្លូវជាតិផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ ។ ផ្លូវលំជន បទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រនិង៣១ខ្សែ ។ ស្ពានលិចទឹក ២៤កន្លែង ។ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ ។ ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៣៥២.៤ គីឡូម៉ែត្រ៕BR