ដោយៈ មេសា/ភ្នំពេញៈ ឆ្លើយតបចំពោះស្ថានភាពទឹកជំនន់ ដែលកំពុងវាយប្រហារមកលើបណ្តាតំបន់ និង ខេត្ត នានាមួយចំនួននៅក្នុងប្រទេស កម្ពុជា នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចេញសចេក្តីណែនាំដល់មន្ទីរសង្គមកិច្ច រាជធានី ខេត្ត ឱ្យគិតគូរយកចិត្តទុកដាក់ ចាត់វិធានការ និង សកម្មភាពនានា ដើម្បី បញ្ចៀសនូវមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ចំពោះប្រជាជនទូទៅ ជាពិសេសជនចាស់ជរា ជនពិការ ស្ត្រី និង កុមារ ជាដើម ។
សេចក្តីណែនាំចុះកាលបរិច្ឆេទថ្ងៃទី ១៣ ខែ តុលា ហើយបានមកដល់ដៃ រស្មីកម្ពុជា នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ នេះ បានណែនាំ ៤ ចំណុចគឺ ៖
១. ត្រូវសហការជាមួយរដ្ឋបាល រាជធានី ខេត្ត ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះបញ្ហាទឹកជំនន់ជូនប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
២. ត្រូវរៀបចំឱ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្នភាព និង រាយការណ៍ជាប្រចាំអំពីចំនួនប្រជាជន ស្ថានភាព និង ទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់ មកក្រសួង តាមរយៈតាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាសេនាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង ដើម្បី មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។
៣. ត្រូវរៀបចំផែនការសកម្មភាពចុះពិនិត្យដោះស្រាយឆ្លើយតបបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការកើតមានជំងឺផ្សេងៗមកលើប្រជាជន និង ស្រង់ទិន្នន័យជនរងគ្រោះ និង ងាយរងគ្រោះ ជូនក្រសួង ដើម្បី ពិនិត្យដោះស្រាយ បានទាន់ពេលវេលា ។
៤. ត្រូវអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប៉ះពាល់ និង វិធានការការពារពីគ្រោះមហន្តរាយទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ … ដល់សហគមន៍ សាលារៀន វត្តអារាម និង វិហារសាសនានានា ។
លោក ឈួរ សុប្រធាន នាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច បានប្រាប់រស្មីកម្ពុជា តាម តេឡេហ្ក្រាម នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ នេះថា គិតរហូតមដល់ពេលនេះ នាយកដ្ឋានទទួលបានសេចក្តីរាយការណ៍មកពី ១៩ រាជធានី ខេត្ត ក្រុង ដែលថា បានកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ ហើយថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅខេត្ត បាត់ដំបង នៅថ្ងៃទី ១៩ និង ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ នៅខេត្ត បន្ទាយមានជ័យ ដែលពេលនោះ លោក រដ្ឋមន្ត្រី ក៏នឹងនាំយកទៅជាមួយនូវអំណោយមួយចំនួនសម្រាប់ដោះស្រាយបន្ទាន់ដល់ប្រជាជននៅក្នុងតំបន់គោលដៅនៅទីទាំងនោះផងដែរ ៕ Kh




