រយៈពេលជាងមួយខែមកនេះ ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩

196
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ: គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង បានបង្កឱ្យប៉ះពាល់ទៅដល់១៩រាជធានី-ខេត្ត ស្មើ៦៩ក្រុង-ស្រុក-ខណ្ឌ ២៥៨ឃុំ/សង្កាត់។ការបញ្ជាក់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

នៅក្នុងទិន្នន័យផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ របស់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទាក់ទងនឹងការប៉ះពាល់ខាងលើនេះ រួមមាន៖ ខេត្តប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ក្នុងនោះ ប៉ះពាល់ប្រជាជនប្រមាណ៤៨,៣១៧គ្រួសារ ស្មើនឹងប្រមាណ១៩៣,២៦៨នាក់, អ្នកស្លាប់កើនដល់ចំនួន១៣នាក់ (ក្មេង៥នាក់), ប្រជាជនជម្លៀស៣,០៩៤គ្រួសារ ស្មើនឹងប្រមាណ១២,៣៧៦នាក់, ផ្ទះប៉ះពាល់៤៧,៩២៣ខ្នង, ផ្ទះខូចខាត៥០ខ្នង, សាលារៀនលិចទឹក៤២៥កន្លែង, ស្រូវលិចទឹកប្រមាណ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា, ដំណាំរួមផ្សំលិចទឹក៥៥,៣៦០ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៣០១ ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ២០២ គីឡូម៉ែត្រ, ផ្លូវជនបទលិចទឹកជាង១,៤៥៩គីឡូម៉ែត្រ និង៣១ខ្សែ, ស្ពានលិចទឹកប្រមាណ២៤កន្លែង, ទំនប់ប៉ះពាល់ប្រមាណជាង២១គីឡូម៉ែត្រ និងប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណ៣៥២.៤គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងស្ថានភាពទឹកជំនន់កំពុងបន្តលិចនៅឡើយនោះ ក្រុមការងាររបស់គណៈ កម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានសហការគ្នាជាមួយកាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតកំពុងរៀបចំស្បៀងចែកជូនដល់បងប្អូនរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធជាងមួយពាន់នាក់បានកំពុងដាក់ពង្រាយ ដើម្បីត្រៀមជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម