​ចលនា​ប្រជាធិបតេយ្យ​គាំទ្រ​ដោយ​ក្រុមនិស្សិត បាន​កើន​សម្ទុះ​នៅ​ទូទាំង​ប្រទេស​ថៃ​ក្នុង​រយៈពេល​៣​ខែ​មកនេះ ដោយ​ពួក​សកម្មជន​មិន​ត្រឹមតែ​ទាមទារ​កែប្រែ​រដ្ឋធម្មនុញ្ញ តែ​ថែមទាំង​ធ្វើការ​អំពាវនាវ​​អោយ​របប​រាជានិយម​ដែល​មិន​អាច​ប៉ះពាល់​បាន ធ្វើការ​កែ​ទំរង់​ថែម​ទៀត​។​

​អ្នក​ប្រឆាំង​តវ៉ា​ជាង​២០​នាក់ រួម​ទាំង​មេដឹកនាំ​លេចធ្លោ​ពីរ​បី​នាក់​នៃ​ចលនា​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​ច្បាប់​គ្រាអាសន្ន​មួយ ដោយ​ហាមឃាត់​ការជួប​​ជុំ​មនុស្ស​ចាប់ពី​៤​នាក់​ឡើង​។​

​ភាព​តានតឹង​បាន​កញ្ជ្រោល​ឡើង​កាល​ពី​មួយ​ថ្ងៃមុន នៅពេល​បាតុករ​រាប់ពាន់​នាក់​មក​ជួបជុំ​នៅ​វិមាន​ប្រជាធិបតេយ្យ​មុន​ដង្ហែ​ទៅកាន់​វិមាន​រដ្ឋាភិបាល​និង​ជួបជុំ​នៅ​ទីនោះ​រហូតដល់​រំលង​អធ្រាត​។​

-​តើ​ពួកគេ​ចង់បាន​អ្វី​?

​ពួកគេ​បាន​ជួបជុំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន អូ​ចា​។​អតីត​ប្រមុខ​យោធា​រូប​នេះ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ​២០១៤ និង​ដាក់​ព្រះរាជាណាចក្រ​ថៃ​នៅក្រោម​ការដឹកនាំ​​យោធា​អស់​៥​ឆ្នាំ​។​

​នៅ​ក្រោម​របប​យោធា រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវបាន​តាក់តែងឡើង​ដោយ​ក្រុម​យោធា​នៅ​មុន​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំមុន​។​លោក​ប្រា​យុទ្ធ បាន​ជាប់ឆ្នោត​ចូលមក​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មួយ ក្រោយ​​គណបក្ស​យោធានិយម​មួយ​បាន​ឈ្នះឆ្នោត ដែល​ពួក​អ្នកវិភាគ​និយាយ​ថា​ដោយសារ​តែ​ខ​ច្បាប់​ចង​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា និយាយថា​ដំណើរការ​ទាំងមូល ទាំង​ការតាក់តែង​ច្បាប់​និង​ការបោះឆ្នោត​ជា​ការរៀបចំ​ទុកជាមុន និង​កំពុង​អំពាវនាវ​អោយ​រំលាយ​សភា សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ព្រមទាំង​បញ្ចប់​​ការយាយីរ​រំខាន​របស់​អាជ្ញាធ​រដល់​ពួក​សកម្មជន​។​

​ពួកគេ​ក៏​មាន​បញ្ជី​ទាមទារ​១០​ចំណុច​សំរាប់​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ថៃ រួម​មាន​ការ​លុបចោល​ច្បាប់​ប្រមាថ​ស្តេច ដែល​ការពារ​រាជវង្ស​ពី​ការរិះគន់​នានា​។​បើ​តាម​អ្នកជំនាញការ ច្បាប់​នេះ​ត្រូវបាន​​ចាត់ទុកថា​ជា​ច្បាប់​តឹងរឹង​បំផុត​មួយ​ក្នុងចំណោម​ច្បាប់​ស្រដៀង​គ្នា​នៅក្នុង​លោក ដោយ​អ្នក​រំលោភ​អាច​ជាប់គុក​១៥​ឆ្នាំ​ចំពោះ​បទល្មើស​ឬ​ការចោទប្រកាន់​មួយៗ​។​

-​ហេតុអ្វី​ក៏​អារម្មណ៍​ប្រឆាំង​កើនឡើង​?

​ការមិនសប្បាយចិត្ត​ចេះតែ​កើនឡើង​ចាប់តាំងពី​ខែ​កុម្ភៈ នៅពេល​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​ពេញនិយម​មួយ​ក្នុងចំណោម​អ្នកបោះឆ្នោត​វ័យក្មេង ត្រូវ​បាន​ហាម​មិនអោយ​ធ្វើ​នយោបាយ​។​អ្នកប្រឆាំង​​តវ៉ា​ជា​ច្រើន និយាយថា ចំណាត់ការ​ប្រឆាំងនឹង​គណបក្ស «​អនាគត​ឆ្ពោះទៅមុខ​»​មាន​ហេតុផល​នយោបាយ​ច្រើនជាង​។​

​ការបិទ​ខ្ទប់​ប្រទេស​ដោយសារ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​រុញ​សេដ្ឋកិច្ច​ថៃ​អោយ​ដាំ​ក្បាល​ចុះ បង្ក​ការខ្វែងគំនិត​រវាង​វណ្ណៈ​មហាសេដ្ឋី​និង​ពួក​អ្នកក្រ​ថៃ​។​

​នៅ​ខែ​មិថុនា សកម្មជន​លេចធ្លោ វ៉ាន់​ចា​លឺ​ម សាត់​សាក់សី​ត បាន​បាត់​ខ្លួន​ហើយ​ពួក​សកម្មជន​នៅ​ថៃ​ទាមទារ​អោយ​មាន​ចម្លើយ​ពី​អាជ្ញាធរ​។​យុទ្ធនាការ​ទាមទារ​តាម​អន​ឡា​ញ ហៀរ​ដល់​ក្រៅ​អន​ឡាញ​​និង​រលក​តវ៉ា​ប្រឆាំង​មួយ​បាន​ចាប់ផ្តើម​ឡើង​នៅ​ទូទាំង​ប្រទេស​ថៃ ដោយ​មនុស្ស​ប្រមាណ​៣០.០០០​នាក់​បាន​ចេញ​មក​តវ៉ា​កាល​ពី​ពាកើកណ្តាល​ខែ​កញ្ញា ដែល​ជា​ការជួបជុំ​ធំ​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ​​ឆ្នាំ​២០១៤​មក​។​

​ដោយឡែក​បាតុកម្ម​កាលពី​ថ្ងៃ​១៤​តុលា នាំ​អោយ​អាជ្ញាធរ​ច្រឡោតខឹង​ជាខ្លាំង ដោយសារ​តែ​ពួក​បាតុករ​បាន​ប្រតិកម្ម​ប៉ះពាល់​ដល់​ក្បួន​រថយន្ត​ស្តេច​។​បាតុករ​ខ្លះ​លើក​ម្រាមដៃ​៣ ជា​កាយវិការ​ផ្គើន​របស់​​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ពួកគេ​យ​លំនាំ​តាម​ភាពយន្ត​និង​សៀវភៅ​Hunger Games នៅ​ពេល​ក្បួន​រថយន្ត​ដឹក​មហាក្សត្រិយ ស៊ូ​ធិតា ឆ្លងកាត់​។​

-​យើង​ធ្លាប់​ឃើញ​ការតវ៉ា​ប្រឆាំង​នៅ​ថៃ​ជា​ច្រើន​មកហើយ តែ​ពេល​នេះ​មាន​អ្វី​ប្លែក​?

​ជា​ការពិត ថៃ​ជួប​វដ្ត​នៃ​ការតវ៉ា​ប្រឆាំង​តាម​ដង​វិថី​ដ៏​ហិង្សា​មួយ និង​រដ្ឋប្រហារ​យោធា​រាប់​មិន​អស់​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​តែ​ពី​អតីតកាល បណ្តា​ចលនា​ប្រឆាំង​តវ៉ា មាន​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​និង​​នយោបាយ​នៅ​ពីក្រោយ​ពួកគេ​។​បាតុករ​និស្សិត​សព្វថ្ងៃ​និយាយថា ពួកគេ​មិន​មាន​មេដឹកនាំ​ណា​ម្នាក់​ទេ ជា​យុទ្ធសាស្ត្រ​យក​លំនាំ​តាម​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​។​

​ក្រោម​រដ្ឋធម្មនុញ្ញ សមាជិក​រាជវង្ស រួម​ទាំង​ស្តេច មហា វ៉េ​ច​រ៉ា​ឡុងកន នៅ​ខ្ពស់​ដាច់​ពី​នយោបាយ តែ​ពួកគេ​មាន​ឥទ្ធិពល​នយោបាយ​ធំធេង​ណាស់​។​ចាប់តាំងពី​ស្តេច​ថ្មី​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​២០១៦ ព្រះ​​អង្គ​បាន​ធ្វើ​ការផ្លាស់ប្តូរ​ដែល​មិន​ធ្លាប់​មាន ដោយ​យក​ទ្រព្យសម្បត្តិ​រាជវាំង​មក​គ្រប់គ្រង​ផ្ទាល់ និង​ផ្ទេរ​ទាហាន​២​អង្គភាព​មក​នៅ​ក្រោម​បញ្ជា​របស់​ទ្រង់​ថែម​ទៀត​។​

​នៅ​អម​ទ្រង់​សុទ្ធតែ​ពួកយោធា​រាជានិយម​ផ្កាប់​មុខ​និង​ក្រុម​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​។​

-​តើ​មាន​ប្រតិកម្ម​អ្វី​?

​ប្រតិកម្ម​ចម្រុះ​។​ការតវ៉ា​ប្រឆាំង​ដឹកនាំ​ដោយ​និស្សិត បាន​ការគាំទ្រ​ពី​ប្រជាជន​ភាគច្រើន រួម​ទាំង​មនុស្ស​ជាច្រើន​មក​ពី​វណ្ណៈ​កម្មករ​ផងដែរ​។​ចលនា​នេះ​បាន​រាលដាល​ចូល​ដល់​បណ្តា​សាលា​មធ្យម​សិក្សា​នៅ​​ទូទាំង​ប្រទេស ដោយ​ពួកក្មេង​ជំទង់ៗ​នាំគ្នា​ចង​បូរ​ពណ៌​ស​ដើម្បី​សម្តែង​សាមគ្គីភាព​។​

​តែ ក្រុម​រាជានិយម​ក៏​បាន​បង្ហាញ​កម្លាំង​របស់​គេ​ផង​ដែរ ក្នុង​បាតុកម្ម​ត​តប​តែ​ទ្រង់ទ្រាយ​តូចៗ ភាគច្រើន​ជា​មនុស្ស​វ័យចាស់ៗ​។​

-​តើ​មាន​អ្វី​នឹង​កើត​ឡើង​បន្ទាប់​?

​ក្រិត​ច្បាប់​គ្រាអាសន្ន​ចេញ​កាលពី​ថ្ងៃ​១៥​តុលា ផ្តល់​អំណាច​អោយ​ប៉ូលិស​ឃាត់ខ្លួន​នរណា​ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង និង​ក៏​អាច​រឹបអូស​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​អេឡិចត្រូនិក ទន្ន​ន័យ​​និង​សព្វាវុធ ណា​ដែល​ជាប់​សង្ស័យ​ថា​បង្ក​ស្ថានភាព​គ្រាអាសន្ន​។​តែ​ពួក​មេដឹកនាំ​បាតុកម្ម​បាន​ប្តេជ្ញា បន្ត​ធ្វើ​បាតុកម្ម​មួយទៀត​នៅ​រសៀល​ថ្ងៃ​១៥​តុលា​។​វា​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ ការជួបជុំ​នេះ​នឹង​​ដំណើរការ​តាម​ការប្តេជ្ញា​របស់​គេ​ឬ​អត់ ក្រោយ​ការចាប់ខ្លួន​មេដឹកនាំ​និស្សិត​២​នាក់ និង​មេធាវី​សិទ្ធិ​មនុស្ស​ម្នាក់ ដោយ​អ្នក​ទាំង​បី​នេះ​ជា​មេដឹកនាំ​ទាម​តារ​អោយ​កែ​ទំរង់​របបរាជានិយម​។​

​អ្នកវិភាគ​នយោបាយ ធី​ទី​ណាន ពង់​ស៊ូ​ត​ធី​រ៉ាក់ មក​ពី​សកល​វិទ្យាល័យ ជូឡា​ឡុងកន និយាយថា សភាពការណ៍​ឥឡូវ​«​អាច​ប្រែប្រួល និង​ងាយ​នឹង​ផ្ទុះ​។​គាបសង្កត់​ដោយ​គ្មាន​កំណែ​ទំរង់ នឹង​នាំអោយ​មាន​​ការទាម​ទារ​អោយ​ផ្លាស់ប្តូរ​កាន់តែខ្លាំង​និង​ជម្លោះ​…​ដោយសារ​ការឈឺចាប់រ​បស់​ប្រជាជន​ធំធេង​និង​ជ្រាលជ្រៅ ។​ការផ្លាស់ប្តូរ​របស់​ថៃ​មក​ដល់​សតវត្សរ៍​ទី​២១»៕​ប្រែ​សម្រួល​៖​វាសនា​

​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ដឹកនាំ​ដោយ​និស្សិត​កាន់តែ​កើន​សម្ទុះ រហូត​ដល់​អាជ្ញាធរ​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្ន ហាម​ការជួបជុំ​