ដោយ:ពៅនិមល/ភ្នំពេញ: ស្របពេលដែលប្រជាកសិករទូទាំងប្រទេសបានកំពុងជួបគ្រោះធម្មជាតិដោយសារទឹកជំនន់ និងធ្វើឱ្យខូចខាតដំណាំដាំដុះផងនោះ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដល់ប្រជាកសិករដែលរងគ្រោះថា កុំព្រួយបារម្ភចំពោះបញ្ហាខ្វះពូជដំណាំ ព្រោះថាពេលនេះក្រសួងបានគិតគូរនិងបម្រុងទុករួចរាល់ហើយសម្រាប់ជួយសង្រ្គោះ។
ប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទដៃ កាលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ពេលនេះរូបលោកកំពុងធ្វើដំណើរតាមផ្លូវចេញពីខេត្តពោធិ៍សាត់បន្ទាប់ពីធ្វើការចែក ពូជស្រូវដល់ប្រជាកសិករក្នុងខេត្ត ដើម្បីចុះពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់បន្តទៀតនៅក្នុងខេត្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើរដល់ប្រជាកសិករដែលជួបការលំបាកដោយសារទឹកជំនន់ថា”ទីមួយយើងគិតថាមិនគួរមានការព្រួយបារម្ភពេកទេ ជួនកាលព្រួយបារម្ភជ្រុលហួស ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់ជម្រាបជូនប្រជាជនថាកុំឱ្យមានការលំបាក យើងចាត់ចែងរដ្ឋាភិបាលមានតួនាទីចាត់ចែងជួយសង្គ្រោះហើយ ឥឡូវនេះយើងរៀបចំនីតិវិធីក្នុងការជួយស្តារឡើងវិញ ហើយយើងនឹងកំណត់ថាទីតាំងណាមានប្រភពទឹកអាចបន្តធ្វើស្រូវបាន កន្លែងណាមិនគួរបន្ត ហើយត្រូវធ្វើជាដំណាំអ្វីផ្សេងទៀតដើម្បីដោះស្រាយជីវភាពចំពោះមុខ រួមទាំងការបង្កើតមុខរបរថ្មីៗ ចិញ្ចឹមត្រី…ដើម្បីដោះស្រាយក្នុងរយះពេលខ្លីជូនគាត់”។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្នពូជស្រូវក្នុងស្តុកមានចំនួន១,៨០០តោន ហើយចំនួននេះមិនគ្រប់គ្រាន់តែដើម្បីបំពេញតម្រូវការ ប៉ុន្តែចំពោះការខ្វះនេះក៏មិនជាបញ្ហាប្រឈមដែរ ដោយសារក្រសួងមានបណ្តាញសហគមដែលផលិតពូជ ដូច្នេះបើមានការខ្វះខាតនោះនឹងទាក់ទងភ្លាមដើម្បីផ្គត់ផ្គង់។
គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង សម្រាប់ស្រូវលិចទឹកប្រមាណ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ៦,៦៥៧ហិកតា ដោយឡែក ដំណាំរួមផ្សំលិចទឹក៥៥,៣៦០ហិកតា ក្នុងនេះខូចខាតប្រមាណ៦,៣០១ហិកតា។
សូមបញ្ជាក់ទៀតថា នៅក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នកំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផលដំណាំរបស់ប្រជាកសិករក្នុងស្រុក/ក្រុងចំនួ០៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិសាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន១៤៥ ៣៤២ហិកតា ក្នុងនោះផ្ទៃដីចំនួន២៦ ៩៥០ហិកតា ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន៦ ១៤៣ហិកតា ត្រូវបានខូចខាតទាំងស្រុង៕/b