ដោយៈ មេសា/ភ្នំពេញៈ គិតត្រឹមថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ នេះ ចង្ហាន់ មិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរនៅឡើយទេ សម្រាប់ព្រះសង្ឃដែលគង់នៅក្នុង បណ្តាវត្តអារាម នានា នៅក្នុងខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ដោយជាទូទៅវត្តខ្លះនៅមានអង្ករ ឬ មី ជាដើម អាចផ្គត់ផ្គង់បានមួយរយៈពេលខ្លី ប៉ុន្តែមិនអាចទ្រទ្រង់បានយូរប៉ុន្មានទេ ។ នេះបើតាមការលើកឡើងរបស់ព្រះចៅអធិការវត្តនានា ដូចជាព្រះចៅអធិការវត្ត ចំការខ្សាច់ វត្ត ព្រែកជ្រៃ វត្ត ហារ និង វត្ត ព្រែកថ្លឹង ជាដើម ដែលបានទូល ( ប្រាប់ ) ព្រះភិក្ខុ ចឹក ចុន្ទ ព្រះអនុគណខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
ព្រះភិក្ខុ ឆឿន ឈូក ព្រះចៅអធិការវត្ត ចំការខ្សាច់ បានបន្ថែមថា “ ប៉ុន្មានថ្ងៃមកនេះ ក៏នៅមានញាតិញោមខ្លះ ចែវទូកយកចង្ហាន់មកប្រគេនដល់វត្ត ខណៈញាតិញោមខ្លះបានប្រមូលផ្តុំគ្នានៅកន្លែងណាមួយ រួចហើយព្រះសង្ឃជិះទូក និមន្តទៅទទួលចង្ហាន់នៅទីនោះ ហើយក្នុងវត្តក៏នៅមានអង្ករ មី ទឹកត្រី ទឹកស៊ិអ៊ី ខ្លះដែរ ។ ប៉ុន្តែប្រសិនបើទឹកជំនន់នៅតែអូសបន្លាយពេលយូរទៀតនោះ ប្រហែលជាមិនអាចទប់ទល់បានទេ “ ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ នេះ ព្រះភិក្ខុ ចឹក ចុន្ទ មួយអន្លើដោយព្រះសង្ឃ ដែលជាព្រះចៅអធិការវត្តមួយចំនួន នៃ ខណ្ឌ ដង្កោ ដែលវត្តរបស់ព្រះអង្គ មិនសូវលិចលង់ខ្លាំង បាននិមន្តទៅសួរសុខទុក្ខ ហើយក៏ថែមទាំងបាននាំយកទេយ្យទានមួយចំនួនដូចជា អង្ករ មី ទឹកត្រី ទឹកស៊ិអ៊ី និង បច្ច័យ ជាដើមទៅប្រគេនដល់ព្រះសង្ឃនៅតាមវត្តដែលរងគ្រោះលិចលង់ខ្លាំង ផងដែរ ។
ព្រះមហាសមណៈ ចឹក ចុន្ទ ក៏បានក្រើនរំឭកដល់ព្រះសង្ឃ ដូនជី តាជី និង សិស្សិ និស្សិត ដែលគង់ និង ស្នាក់នៅក្នុងបណ្តាវត្តទាំងនោះ ឱ្យប្រុងប្រយ័ត្ន នូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុដូចជា គ្រោះលង់ទឹក និង សត្វអសិរពិសជាដើម ហើយក៏ត្រូវប្រុងប្រយ័ត្នសុខភាពផងដែរ ។
ជាការកត់សម្គាល់ ឆ្នាំនេះ ក៏មិនខុសពីប៉ុន្មានឆ្នាំមុន ឬ នៅរាល់ពេលរាជធានីភ្នំពេញ ត្រូវរងគ្រោះដោយទឹកជំនន់ដែរ ខណ្ឌ ដង្កោ គឺជាខណ្ឌ ដែលរងគ្រោះដោយសាទឹកជំនន់ខ្លាំងជាងគេបំផុត ក្នុងចំណោមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ រងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ ដោយសារភូមិសាស្ត្រ នៃ ខណ្ឌ ដង្កោ នេះ នៅចំពីមុខទឹក ដែលហូរធ្លាក់មកពីខេត្តភាគនារតី មានខេត្ត កំពង់ស្ពឺជាដើម ( ហើយអាចមកពីខេត្តលើសពីនេះទៀត ដោយពេលខ្លះមកពីប្រទេស ថៃ ទៀតផង ) ។
ដោយឡែកសម្រាប់ឆ្នាំ ២០២០ នេះ យ៉ាងហោចណាស់ក៏មានវត្តចំនួន ៨ ( ក្នុងចំណោមវត្តទាំង២៤ នៃ ខណ្ឌ ដង្កោ ) ដែរ ដែលកំពុងរងការលិចលង់ខ្លាំង ដោយមានវត្តខ្លះ ( ដូចជាវត្ត ចំការខ្សាច់ ជាដើម ) ទឹកលិចដល់ត្រឹមចង្កេះ រហូតល់ត្រឹមទ្រូងមនុស្សចាស់ក៏មានដែរ ។ ទោះយ៉ាងណា មិនទាន់គ្រោះថ្នាក់អ្វីកើតឡើងគួរឱ្យសម្គាល់នៅក្នុងវត្តអារាមនានានៅក្នុងខណ្ឌនេះនៅឡើយទេ ៕ Kh



