​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្ត​បានបញ្ជាក់​ឱ្យដឹងថាៈ​កម្ពស់​ទឹក​ដងស្ទឹង​សែន​នៅ​ខេត្តព្រះវិហារ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​នេះ​បន្ត​ហក់​ឡើង​ខ្ពស់​។​គឺមាន​កម្ពស់​១១,១៤​ម៉ែត្រ​ខណៈ​កម្រិត​ត្រូវ​ប្រកាសអាសន្ន​គឺមាន​កម្ពស់​១១.៥០​ម៉ែត្រ​។​ចំពោះ​ស្ថានភាព​បែ​បប​នេះ​អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​និង​ដង​ទន្លេ​សូម​ប្រុងប្រយ័ត្ន​។​

​តាមរយៈ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ​កាលពីពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់ក្នុង​ខេត្ត​ទាំងអស់​។​ពិសេស​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​តាម​ដង​ស្ទឹងសែន ក៏ដូចជា​តំបន់​ងាយ​រងគ្រោះ​មួយចំនួន​មេត្តា​ប្រុងប្រយ័ត្ន​និង​ស្វែងរក​ទីទួល​សុវត្ថិភាព​ដែល​នៅ​ជិត ជៀសវាង​កើតឡើង​នូវ​គ្រោះថ្នាក់​ផ្សេង​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​កាលពី​ថ្ងៃទី​១៤​តុលា​បាន​ដឹកនាំ​ក្រុមការងារ​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​ជ័យ​សែន ដែល​បាន​លិច​ភូមិ​ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយចំនួន​។​ក្នុងនាម​លោក ប្រាក់ សុវណ្ណ​, លោក គោ ស៊ុ​ប៊ុន​សឿត​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​។​

ត្រូវ​តាមដាន​ជាប្រចាំ​នៅ​ស្ថានភាព​ទឹក​រាយការណ៍​និង​ផ្តល់ព័ត៌មាន​ឱ្យបាន​ឆាប់​បំផុត​ដើម្បី​មានលទ្ធភាព​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​បាន​ទាន់ពេលវេលា​។​ជាមួយគ្នានេះដែរ​លោក​គោ​ស៊ុ​ប៊ុន​សឿត​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ផ្សេងៗ ជាពិសេស​កូនចៅ​តូចៗ​កុំឱ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស​។​

លោក រស់ ហេង អភិបាលស្រុក​ជ័យ​សែន​បាន​ថ្លែងថា​ចាប់ពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២០​ស្ថានភាព​ទឹកជំនន់​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ឃុំ​មួយចំនួន​។​គឺ​ឃុំ​ពុទ្រា​ទឹក​លិច​ផ្លូវ​ប្រវែង​២០០​ម៉ែត្រ​,​ឃុំ​ធ្មា​ទឹក​ច្រោះ​ខូច​ផ្លូវ​៥០​ម៉ែត្រ​,​ឃុំ​ច្រាច់​ទឹក​ច្រោះ​ខូច​ផ្លូវ​អស់​៧០​ម៉ែត្រ​និង​ឃុំ​ស្អាង​។​ទឹក​ហូរ​ច្រោះ​លូ​នៅ​ចុង​ភូមិ និង​ទឹក​លិច​ផ្លូវ​កៅស៊ូ​លេខ​៩៥ ចំណែក​ឃុំ​តស៊ូ​ទឹក​លិច​ផ្លូវ​៨៧​ម៉ែត្រ និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​២៧​ខ្នង​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលស្រុក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ​និង​ប្រធាន​ក្រុមការងារ​ខេត្ត​និង​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ដែល​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ​ចំពោះ​ស្ថានភាព​ទឹកជំនន់​ក្នុងស្រុក​ជ័យ​សែន​៕S/​