​រំលឹក​អតីតកាល​ដ៏​ជូរចត់​: បុណ្យ​ចូល​ខ្មែរ បែរជា​គ្រួសារ​ខ្ញុំ​ត្រៀម​ភៀសខ្លួន​

3444
ចែករម្លែក
  • 306
    Shares

ដោយៈ ឆេង វ៉េង​៖ អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​ ​
​ខែមេសា​ជា​ខែ​ដែល​ប្រជាជន​ខ្មែរ​ជួបជុំ សប្បាយរីករាយ និង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​។ ប៉ុន្តែ​ផ្ទុយទៅវិញ នៅ​ខែមេសា ឆ្នាំ​១៩៧៥ សម្រាប់​គ្រួសារ​របស់ខ្ញុំ​បែរជា​នាំគ្នា​ត្រៀមលក្ខណៈ​ចាំ​រត់​ភៀសខ្លួន​គេចចេញ​ពី​គ្រាប់ផ្លោង​របស់​ខ្មែរក្រហម ដែល​ផ្លោងចូល​ទីក្រុង​ភ្នំពេញ​ទៅវិញ​។ កាលណោះ ខ្ញុំ​មាន​អាយុ​ប្រហែល​១១​ឆ្នាំ​ប៉ុណ្ណោះ ខ្ញុំ​មាន​បងប្អូន​ចំនួន​៧​នាក់ ក្នុងនោះ​បងស្រី​ពីរ​នាក់​។ ខ្ញុំ​រស់នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ជីវភាព​មធ្យម មានផ្ទះ​សង់​នៅលើ​ដី​ឡូដ​ត៍​មួយកន្លែង​នៅ​ទល់មុខ​ផ្សារ​គីឡូម៉ែត្រ​លេខ​៦​។ ផ្ទះ​នោះ​មាន​ទំហំ ៨,៥០​ម៉ែត្រ គុណ ១៨​ម៉ែត្រ ខាងក្រោម​ធ្វើ​ពី​ថ្ម និង​ខាងលើ​ធ្វើ​ពី​ឈើ​ប្រក​ហ្វី​ប្រូ​ស៊ីម៉ងត៍ ស្ថិតនៅក្នុង​សង្កាត់​លេខ​៦ ក្រុងភ្នំពេញ​។​

ស្ពាន​ជ្រោយចង្វារ​ដែល​ត្រូវបាន​បំផ្ទុះ​គ្រាប់​ផ្តាច់​

​នៅពេល​មាន​គ្រាប់ផ្លោង​ចូលមក​ម្តងៗ ឪពុកម្តាយ​របស់ខ្ញុំ មាន​សេចក្តី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​កូនៗ​ជាខ្លាំង​។ ក្រោយមក ឪពុក​របស់ខ្ញុំ​ក៏បាន​សម្រេចចិត្ត​បញ្ជូន​កូនតូចៗ ចំនួន​ប្រាំ​នាក់ គឺ​បងស្រី​របស់ខ្ញុំ​ពីរ​នាក់ ខ្ញុំ និង​ប្អូនប្រុស​របស់ខ្ញុំ​ពីរ​នាក់​ទៀត មក​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ក្បែរ​របង​ក្រសួងការពារជាតិ ដែល​កាលណោះ ខ្ញុំ​មិនបាន​ដឹងថា ទីនោះ​ជាទី​កន្លែង​អី្វ​ទេ​។ ចំណែក​ឪពុកម្តាយ និង​បងប្រុស​ពីរ​នាក់​របស់ខ្ញុំ ស្នាក់​នៅផ្ទះ​ជាធម្មតា​។ កាលណោះ នៅពេលដែល​ខ្ញុំ​បានឮ​សំឡេង​ឧទ្ធម្ភាគចក្រ​ចុះចត​នៅក្នុង​បរិវេណ​ក្រសួងការពារជាតិ ខ្ញុំ​តែងរ​ត់ទៅ​ទីនោះ និង​អើតមើល​ពី​ក្រៅរបង​។ រាល់​លើក ខ្ញុំ​បានឃើញ​ទាហាន​សែង​អ្នករបួស​ចេញពី​ឧទ្ធម្ភាគចក្រ ដោយមាន​ប្រឡាក់​សុទ្ធតែ​ឈាម​ជោគ​នៅ​នឹង​ឯកសណ្ឋាន​ក្រ​ឡេ​ក្រឡា របស់​ជនរងគ្រោះ​ទាំងនោះ ដែល​ខ្ញុំ​អាច​យល់ថា អ្នករបួស​ទាំងនោះ គឺ​សុទ្ធតែជា​ទាហាន លន់ នល់​។ បន្ទាប់មក ជនរងគ្រោះ​ទាំងអស់ ក៏ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះបន្ទាន់ ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រហែលជា​ពីរ​សប្តាហ៍​ក្រោយមក ពេល​មាន​សភាព​វឹកវរ​កាន់​តែ​ខ្លាំង អ្នកជិតខាង​បួន​ប្រាំ​នាក់ បានមក​និយាយប្រាប់​ម្តាយ​ខ្ញុំ​ថា ស្រុក​កើតសង្គ្រាម​បែបនេះ មិនគួរ​យក​កូន ដល់​ទៅ​ប្រាំ​នាក់​ឲ្យ​ទៅ​រស់នៅ​ជាមួយ​អ្នកដទៃ​ទេ ស្លាប់​ឬ​រស់ គឺ​ត្រូវ​នៅ​ជុំគ្នា​ជាការ​ប្រសើរ​។ ដោយ​យល់ថា អ្នកជិតខាង​និយាយ​ត្រូវ ឪពុកម្តាយ​របស់ខ្ញុំ ក៏​បានមក​ទទួលយក​ពួកយើង​ទៅ​រស់នៅ​ជួបជុំគ្នា​វិញ​។ យើង​បានធ្វើ​ដំណើរ​ទៅផ្ទះ​ដោយ​ជិះ​ឡាំប្រឺតា​។ នៅតាម​ផ្លូវ ខ្ញុំ​ចាប់អារម្មណ៍​ថា ផ្លូវ​ហាក់​មាន​សភាព​ស្ងាត់​បន្តិច មិនសូវមាន​អ្នកធ្វើ​ចរាចរ​ទៅមក​ឡើយ​។ យូរៗ​ម្តង ខ្ញុំ​បានឮ​សម្លេង​គ្រាប់ផ្លោង​ផ្ទុះ​ម្តងៗ​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​។​

​ភាព​ជ្រួលច្របល់​កាន់តែ​កើតមាន​ខ្លាំង​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​។ កងទ័ព​ខ្មែរក្រហម​បាន​ហ៊ុម​ព័ទ្ធជុំវិញ​ទីក្រុង​ភ្នំពេញ ហើយ​ការធ្វើដំណើរ​តាមផ្លូវ​គោក និង​ផ្លូវទឹក​ជួបប្រទះ​ការលំបាក​ជាខ្លាំង​។ រីឯ​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​វិញ ក៏​មិន​ប្រាកដថា​មាន​សុវត្ថិភាព​មួយរយ​ភាគរយ​ដែរ គឺ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យោធា​ខ្មែរក្រហម​បាន​បាញ់​ទម្លាក់​យន្តហោះ​។ កត្តា​ទាំងអស់​នេះហើយ បានធ្វើ​ឲ្យ​ទំនិញ​ត្រូវ​ឡើងថ្លៃ​ខ្ពស់ ហេតុដូច្នេះ ការរស់នៅ​របស់​អ្នកទីក្រុង​នៅក្នុង​គ្រានោះ ត្រូវ​ប្រឈម​នឹង​ការលំបាក​។​

កង​យោធា​ខ្មែរក្រហម​ចូល​មកដល់​អគ្គសេនាធិកា​រ​ខេ​មរ​ជាតិ នៃ​របប​សាធារណរដ្ឋ​ខ្មែរ ក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

​ស្របពេល​ជាមួយគ្នានេះដែរ ខ្មែរក្រហម​បាន​បន្លំ​ខ្លួន​ចូលមកក្នុង​ក្រុងភ្នំពេញ ដោយ​បានធ្វើ​សកម្មភាព​ដាក់​បំផ្ទុះ​គ្រាប់បែក​នៅតាម​រោងភាពយន្ត​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​នៅ​រោងល្ខោន​គីឡូ​លេខ​៦ នៅក្បែរ​ផ្ទះ​របស់ខ្ញុំ ក៏​ឧស្សាហ៍​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដែរ​។ ការ​បំផ្ទុះ​គ្រាប់បែក បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់​មួយចំនួន​ត្រូវ​រងរបួស និង​ខ្លះទៀត​ក៏បាន​បាត់បង់​ជីវិត ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនដែល​ចាប់​អ្នកបង្ក​ហេតុ​បាន​ម្តងណា​ឡើយ​។ ឃ្លាំង​ស្តុ​ប​ប្រេងសាំង​នៅ​ឫស្សីកែវ ក៏ត្រូវ​បាន​ដុត​ឆេះ​ជា​ញឹកញាប់ ស្ពាន​ជ្រោយចង្វារ​ត្រូវបាន​ផ្តាច់​ដោយសា​ការដាក់​គ្រឿងផ្ទុះ​។ ម្តង​ឮថា​គ្រាប់ផ្លោង​បាន​ធ្លាក់ចំ​ផ្សារ​ដើម​គ ម្តង​ឮថា​គ្រាប់ផ្លោង​ធ្លាក់​ត្រូវ​ផ្ទះ​លោកស្រី ឌី សា​វ៉េ​ត ធ្លាក់​នៅ​តាខ្មៅ បន្ទាប់មក​ឮថា មានការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រែក​ហូរ​ជាដើម

​ទីបំផុត ទីក្រុង​ភ្នំពេញ​ត្រូវបាន​ខ្មែរក្រហម​ចូល​កាន់កាប់​ទាំងស្រុង​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។ ពេលនោះ ខ្ញុំ​បានឮ​ចាស់ៗ​និយាយ​គ្នា​ថា ទាហាន លន់ នល់ បាន​ទម្លាក់អាវុធ​សុំ​ចុះចាញ់​ខ្មែរក្រហម​ដោយបាន​លើក​ទង់ជ័យ​ស​គ្រវី​ចុះឡើង​។ ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​បានចេញ​មកឈរ​តាម​ដង​វិថី​នានា មាន​ក្មេង​ចាស់​ប្រុស​ស្រី ខ្លះ​បាន​ដោះអាវ​គ្រវី ខ្លះ​បាន​លើក​ទង់ជ័យ​ស ខ្លះ​ស្រែក​ហោ​រក​ញ្ជៀ​វ លាន់​ទ្រហឹង​អើ​ង​កង ខ្លះទៀត​បាន​ឡើង​ជិះ​រថយន្ត និង​ជិះ​រថក្រោះ​ជាមួយ​យោធា​ខ្មែរក្រហម​ទៀតផង បញ្ជាក់​ពី​ទឹកចិត្ត​អបអរសាទរ សប្បាយរីករាយ ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា សង្គ្រាម​នឹងត្រូវ​បញ្ចប់ ក្តី​សុ​ខំំ​សាន្ត​នឹង​កើតមាន​ចំពោះ​ពួកគាត់​គ្រប់ៗ​គ្នា​។ ម្នាក់ៗ​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង ចំពោះ​ថ្ងៃជ័យ​ជម្នះ​នេះ​។ បន្ទាប់មកទៀត មាន​សេចក្តីប្រកាស​ព័ត៌មាន​ចេញពី​វិទ្យុជាតិ​ថា “​សង្គ្រាម​នេះ បានទទួល​ជ័យជម្នះ​ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា មិនមែន​ឈ្នះ​ដោយ​ការចរចា​ទេ​!”​។

​ខ្ញុំ​នៅចាំ​បាន​ថា ប្រហែលជា​ក្នុងអំឡុង​ថ្ងៃទី​៩ ឬ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​១៩៧៥ នៅ​ម្តុំ​ផ្ទះ​របស់ខ្ញុំ មាន​សភាព​ស្ងប់ស្ងាត់​។ ប៉ុន្តែ​ពេលនោះ​ប្រជាជន​នៅ​ចាយលុយ​នៅឡើយ​។ ពេលនោះ ប្តី​របស់​ម្តាយមីង​ខ្ញុំ គាត់​ជា​មនុស្សម្នា​ក់មាន​ប្រាក់​គួរសម គាត់​បានចេញ​ទៅខាង​ក្រៅ​ផ្ទះ ទិញ​មាន់ ទា និង​ជ្រូក បានជា​ច្រើន​ក្បាល​យកមក​ស្តុក​ទុក​ក្នុងផ្ទះ​របស់គាត់​។ ខ្ញុំ​មិនបាន​ដឹងថា គាត់​មានគំនិត​យ៉ាងណាទេ ក្នុង​ការទិញ​មាន់ ទា និង​ជ្រូក​ជាច្រើន​ក្បាល​យកមក​ស្តុ​ប​ទុក ក្នុងស្ថានភាព​បែបនេះ​នោះ​។ ថ្ងៃ​បន្ទាប់មក មាន​ជ្រូក​មួយ​ក្បាល​ដែល​គាត់​បាន​ទិញ​នោះ បាន​ងាប់​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក គាត់​ក៏បាន​ហៅ​បងប្រុស​របស់ខ្ញុំ​ទៅ​ជួយ​ធ្វើ​ជ្រូក​នោះ​។ យើង​បាន​យក​សាច់ជ្រូក​នោះមក​ប្រឡាក់​ហាលថ្ងៃ​ខ្លះ ហើយ​សល់​ពី​ប្រឡាក់ យើង​យកមក​ខ​បាន​មួយ​ឆ្នាំង​ធំ​។ លុះដល់​ថ្ងៃ​ខ្មែរក្រហម​បណ្តេញ​យើង​ចេញពីផ្ទះ ក្រុមគ្រួសារ​របស់​យើង​បាន​សាច់ជ្រូក​នោះ​ធ្វើជា​ស្បៀងអាហារ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទិសដៅ​ដែល​ខ្មែរក្រហម​បានកំណត់​ឲ្យ​យើង​ទៅ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ