ប្រធានាធិបតី គៀហ្គីស្ថា លោកស៊ូរ៉ុនបាយ ជីនបេកូវ(Sooronbai Jeenbekov)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលាថា លោកចុះចេញពីតំណែងដើម្បីបញ្ចប់ចលាចលដែលកំពុងគ្របដណ្តប់នៅក្នុងប្រជាជាតិអាស៊ីកណ្តាលនេះ បន្ទាប់ពីការបោះឆ្នោតសភា ដែលមានបញ្ហាចម្រូងចម្រាសមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យរបស់លោក ជីនបេកូវ បាននិយាយថា ការក្រាញនៅក្នុងអំណាច«មិនមានតំលៃចំពោះសេចក្តីថ្លៃថ្នូរនៃប្រទេសយើងនិងការស្រុះស្រួលក្នុងសង្គមទេ។សំរាប់រូបខ្ញុំ សន្តិភាពនៅគៀហ្គីស្ថាន សេចក្តីថ្លៃថ្នូររបស់ប្រទេស ឯកភាពរបស់ប្រជាជនយើង ព្រមទាំងភាពស្ងប់ស្ងាត់នៅក្នុងសង្គម សំខាន់ជាងអ្វីទាំងអស់»។
គៀហ្គីស្ថាន ប្រទេសដែលមានប្រជាជន៦,៥លាននាក់នៅជាប់ព្រំដែនចិន បានធ្លាក់ចូលក្នុងភាពវឹកវរ ក្រោយការបោះឆ្នោតកាលពីថ្ងៃ០៤តុលា ដែលមន្ត្រីបោះឆ្នោតប្រកាសថា បណ្តាគណបក្សគាំទ្ររដ្ឋាភិបាលទំនងជាទទួលបានសម្លេងគាំទ្រច្រើន។
ក្រុមប្រឆាំងនិយាយថា ការបោះឆ្នោតនេះ មានការទិញសន្លឹកឆ្នោតនិងភាពមិនប្រក្រតីផ្សេងៗ នាំអោយផ្ទុះការតវ៉ា ហើយបាតុករសំរុកចូលកាន់កាប់អាគាររដ្ឋាភិបាលនានាដោយបង្ខំអោយគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសទុកជាមោឃៈលទ្ធផលឆ្នោត។ក្រុមប្រឆាំងបន្ទាប់មកបានប្រកាសផែនការបណ្តេញប្រធានាធិបតី និងបង្កើតរដ្ឋាភិបាលថ្មីមួយ។
ការប្រកាសកាលពីថ្ងៃ១៥តុលា កើតឡើងតែមួយថ្ងៃក្រោយពីលោក ស៊ូរ៉ុនបាយ ជីនបេកូវ ច្រានចោលការទាមទារអោយលោកចុះចេញពីតំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដោយថាលោកនឹងបន្តនៅក្នុងតំណែងនេះរហូតដល់សភាពការណ៍នយោបាយនៅក្នុងប្រទេសមានលំនឹងឡើងវិញ។
តែមនុស្សរាប់រយនាក់បានជួបជុំតវ៉ានៅក្នុងរដ្ឋធានី ប៊ីសកេក កាលពីថ្ងៃពុធនិងបន្តដល់ថ្ងៃព្រហស្បតិ៍ ដោយនៅតែទាមទារអោយរូបលោកចុះចេញពីតំណែង៕ប្រែសម្រួល៖វាសនា

គៀហ្គីស្ថានដែលមានព្រំដែនជាប់ចិន បានធ្លាក់ក្នុងចលាចលនយោបាយក្រោយការបោះឆ្នោតកាលពីដើមខែតុលា