ក្លិបប៉ូតូ( Porto) បានប្រកាសខ្ចីជើងខ្សែការពារ ម៉ាឡាង សា (Malang Sarr) របស់ក្លិបឆេលស៊ី( Chelsea )ស្របពេលរដូវកាលទិញដូរនៅព័រទុយហ្គាល់បានបញ្ចប់។
ម៉ាឡាង ទើបនឹងបានចូលរួមជាមួយក្លិប Chelsea កាលពីដំណាច់ខែសីហាដោយផ្ទេរពីក្លិបណៃ( Nice) របស់បារាំងក្នុងកិច្ចសន្យាលេងរយៈពេល៥ឆ្នាំ ប៉ុន្តែហាក់ដូចជាគ្មានឱកាសបង្ហាញមុខទេ នៅរដូវកាលនេះ ដោយកីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានបញ្ជូនចេញទៅលេងខ្ចីជើង។
ម៉ាឡាង បានចុះកិច្ចព្រមព្រៀងខ្ចីជើងពេញមួយរដូវកាល ហើយក្លិបនេះបានប្រកាសពីកិច្ចព្រម ព្រៀងផ្ទេរនេះកាលពីយប់ថ្ងៃអង្គារ៍ គឺមួយថ្ងៃ បន្ទាប់ពីរដូវកាលទិញដូរបិទទ្វារ ប៉ុន្តែទីផ្សារទិញដូរ នៅព័រទុយហ្គាល់នៅបើកទ្វាររហូតដល់ពាក់កណ្តាលអាធ្រាត្រ។
ខ្សែការពារស្លាបឆ្វេង អេមឺសិន (Emerson) ក៏ជាទីចំណាប់អារម្មណ៍របស់ក្លិប Porto ផងដែរ ប៉ុន្តែកីឡាកររូបនេះនៅជាកីឡាកររបស់ក្លឹប Chelsea នៅឡើយ។
បន្ទាប់ពីចំណាយអស់ជាង២៣០លានផោនលើកីឡាករថ្មី រួមទាំងកីឡាករ ខាយ ហាវើត (Kai Havertz) ធីម៉ូ វើន័រ (Timo Werner) បេន ឈីវែល (Ben Chilwel) ហាគីម ហ្ស៊ីអ៊ីច (Hakim Ziyech) អេដ្វាដ ម៉េនឌី (Edouard Mendy) ធីអាហ្គោ ស៊ីលវ៉ា (Thiago Silva) និង សា ក្លឹប Chelsea បានបង្វែរចំណាប់អារម្មណ៍ទៅលើការជម្រុះចោលកីឡាករចាស់ៗខ្លះ។
មានក្លិបមួយចំនួនចាប់អារម្មណ៍ចង់បាន សា ពេញមួយរដូវកាល ដូចជាក្លឹប Saint-Etienne Genoa និង Sampdoria ។
កីឡាករវ័យ២១ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ច្រើនជាមួយនឹងក្លិប Nice នៅបារាំង បន្ទាប់ពីបានបង្ហាញមុខ ១១៩ លើកសម្រាប់ក្លឹបនេះ និងឈានជើងចូលរួមជាមួយក្លិប Chelsea ដោយឥតតម្លៃខ្លួន៕ ប្រែសម្រួល: ពិសិដ្ឋ
