គុណ​បុណ្យ Google Maps ជួយ​ឱ្យ​យុវជន​ដែល​ត្រូវគេ​ចាប់ពង្រត់​បាត់​តាំងពី​តូច បាន​ជួបជុំ​គ្រួសារ​វិញ​

465
ចែករម្លែក

​យុវជន​ឥណ្ឌូនេស៊ី ម្នាក់​ដែល​ត្រូវ​គេ​ចាប់ពង្រត់​យកទៅ​បាត់​តាំងពី​អាយុ​៥ ឆ្នាំ​មាន​វាសនា​បាន​ជួបជុំ​ក្រុមគ្រួសារ​របស់​ខ្លួន​វិញ​គួរ​ឱ្យ​រំជួលចិត្ត និង​ស្ទើរ​មិន​គួរឱ្យ​ជឿ បន្ទាប់ពី​រូបគេ​ប្រើប្រាស់​ផែនទី​ហ្គូ​ហ្គោល (Google Maps) ដើម្បី​ស្វែងរក​ផ្សារ​ដែល​ខ្លួន​ចាំបាន​ថា​ធ្លាប់​ទៅ​ជាមួយ​ជីដូន​កាលពី​នៅ​តូច​។​

​យុវជន អឺ​វែន វ៉ា​យូ អាន​ចាស​វ៉ូ​រ៉ូ អាយុ ១៧ ឆ្នាំ​មក​ពី​ក្រុង​ស្រា​ហ្គិន ស្ថិតក្នុង​ខេត្ត​ជ្វា​ភាគ​កណ្ដាល ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​អ្នក​សម្តែង​តាមផ្លូវ​ម្នាក់​ចាប់ពង្រត់​យក​ទៅ​បាត់​កាល​ពី​អាយុ ៥ ឆ្នាំ ពេល​រូបគេ​ដើរចេញ​ពី​កន្លែង​លេង​ហ្គេម​ត្រលប់​ទៅ​ផ្ទះ​វិញ​។​

​អ្នក​សម្ដែង​រូបនោះ​បាន​ល្បួង​ថា​ជួយ​ជូន​រូបគេ​ត្រលប់​ទៅ​ផ្ទះ ប៉ុន្តែ​បែរជា​ចាប់ពង្រត់​រូបគេ​ទៅវិញ ហើយ​បង្ខំ​រូបគេ​ឱ្យ​សម្តែង​ជាមួយ​ខ្លួន​តាម​ផ្លូវ​ដើម្បី​រក​លុយ​។​

​បន្ទាប់​ពី​រស់នៅ​រសាត់​អណ្ដែត​តាម​ផ្លូវ​រយៈពេល​២ ឆ្នាំ អ្នក​សម្ដែង​រូបនោះ​ត្រូវ​រថយន្ត​សឺ​រ៉ែ​ន​ប៉ូលិស​ដេញ​ប៉ផាប់​ចាប់​ប៉​ភីង​នៅ​ថ្ងៃមួយ​ហើយ​ចុងបញ្ចប់​យុវជន​នេះ​ក៏​ត្រូវ​គេ​នាំ​មក​មណ្ឌល​កុមារកំព្រា​មួយ​​កន្លែង​។​

​ពេល​នៅ​មណ្ឌល​កុមារកំព្រា យុវជន​រូប​នេះ​ចាប់ផ្តើម​ព្យាយាម​រំឭក​រឿង​ចាស់ៗ​ដែល​ខ្លួន​ចងចាំ​ស្រពិចស្រពិល​កាល​រស់នៅ​ជាមួយ​គ្រួសារ ជា​ពិសេស​ផ្សារ​ប្រពៃណី Gonggang ដែល​ខ្លួន​ធ្លាប់​ទៅ​ជាមួយ​ជីដូន​។ ​គាត់​បាន​ប្រើ Google Maps ដើម្បី​ស្វែងរក​តំបន់​នេះ ហើយ​មិនយូរប៉ុន្មាន​គាត់​ក៏​ប្រទះ​ឃើញ​ផ្សារ Gonggang ដែល​គាត់​ចាំ​បាន​កាលពី​នៅ​តូច​។

អឺ​វែន បានប្រគល់​អាសយដ្ឋាន​ទៅ​មន្ត្រី​សង្គមកិច្ច​នៅ​មណ្ឌល​កុមារកំព្រា​ដែល​គាត់​ស្នាក់នៅ ហើយ​មន្ត្រី​សង្គមកិច្ច​ក៏​បាន​ទាក់ទង​ទៅ​ផ្សារ​ខាងលើ​រហូត​ទទួលបាន​ព័ត៌មាន​អំពី​គ្រួសារ​យុវជន​នេះ​។ មិន​​យូរ​ប៉ុន្មាន គាត់​ទទួលបាន​រូបថត​សមាជិក​គ្រួសារ​ដែល​គាត់​អាច​ចំណាំបាន​ភ្លាមៗ ហើយ អឺ​វែន ក៏​បាន​ជួបជុំ​គ្រួសារ​របស់​ខ្លួន​វិញ​គួរ​ឱ្យ​ត្រេកអរ បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល ១១​ឆ្នាំ​ដោយ​ក្ដី​នឹករឭក​​ជា​ពន់ពេក​។​

​លោក ស៊ូ​ប៉ាណូ ឪពុក​របស់​យុវជន​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា គាត់​ស្ទើរតែ​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការស្វែងរក​កូនប្រុស​រូប​នេះ​ទៅ​ហើយ ព្រោះ​វា​កន្លងផុត ១១ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​គាត់​នៅ​មាន​ក្តីសង្ឃឹម​ថា កូន​មាន​ជីវិត​នៅឡើយ​។ គាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​រក្សា​សុវត្ថិភាព​កូនប្រុស​របស់គាត់ រហូត​ដល់​ប្រគល់​កូន​មក​ឱ្យ​ពួកគាត់​វិញ​ផងដែរ​៕ ​ប្រែ​សម្រួល​៖​ខុម​/sn

អឺ​វែន វ៉ា​យូ អាន​ចាស​វ៉ូ​រ៉ូ ជួបជុំ​ឪពុក​ម្តាយ​របស់​ខ្លួន​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម