ដោយ: បូរិន/ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ឈូឈូបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម ដោយក្មេងស្រីរូបនេះបានបង្ហាញខ្លួនក្នុងឈុតកូនក្រមុំបែបនេះ ហាក់បីដូចជាមនុស្សធំពេញវ័យ តែម្តង។
រូបថតក្នុងឈុតប្រពៃណីខ្មែរជាកូនក្រមុំ ក្នុងទឹកមុខញញឹមស្រស់របស់ ឈូឈូដែលបានបង្ហោះ រយៈប៉ុន្មានថ្ងៃនេះបានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ហើយនាំគ្នាលាន់មាត់ថា ពិតជាស្អាតហើយឥឡូវ មើលទៅក្លាយជាមនុស្សធំ ពេញក្រមុំ អាយុ១៨ឆ្នាំ ស្ទើរតែប្លែកខុសពីធម្មតានៃទម្រង់របស់នាង។

អ្នកនាង សឿង ផានផាភួង បានប្រាប់រស្មីកម្ពុជាថាមួយរយៈនេះកូនស្រីរបស់នាងមមាញឹកច្រើន នឹងការងារថតរឿងភាគ រឿងខ្លីជាច្រើនបន្តបន្ទាប់ ហើយទើបទទួលការថតស្ប៉តម៉ូតសម្លៀក បំពាក់ឈុតក្រមុំអោយសំអាងការមួយថ្មីៗនេះ។ នាងពិតថតលើកនេះ ប្លែកបន្តិចហើយ មើលទៅដូចមនុស្សធំ ពេញក្រមុំតែម្តង ខណៈមានមនុស្សជាច្រើននិយាយបែបនេះ និងសរសើរ នាង។ ជាមួយគ្នានោះ ក៏មានសំអាងការជាច្រើនផ្សេងទៀត បានទាក់ទងសុំពេលវេលា ចង់បាន ឈូឈូ ថតផ្សព្វផ្សាយឱ្យពួកគេ ប៉ុន្តែមិនទាន់ហ៊ានទទួលការងារពីគេឡើយ។

សូមបញ្ជាក់ថា ថ្មីៗនេះរឿង “ម៉ាឡែនម៉ាលីន ជាស្នាដៃផលិតដោយផលិតកម្ម សាស្ត្រាភាពយន្ត ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន បានបង្ហាញតារាសម្តែងស្រីវ័យ១៥ឆ្នាំឈូឈូ និង កញ្ញា នី មុន្នីនាថ ដែលពិតជាការភ្ញាក់ផ្អើលសារជាថ្មីសម្រាប់អ្នកនិយមទស្សនាភាពយន្តរឿងភាគនេះ ក្រោយពីជំនួបគ្នាលើកដំបូង។
សូមរំលឹកផងដែរថា ចូលដើមឆ្នាំ២០២០ តារាសម្តែងអ្នកនាង សឿន ផានផាភួង និង កុមារី ឈូឈូ បានបង្អួតសម្រស់ក្នុងសម័យអង្គរ ស្អាតប្លែកភ្នែកដល់អ្នកគាំទ្រ ហើយទទួលការពេញ ចិត្តនិងគាំទ្រចំពោះម្តាយនិងកូនស្រីពីរនាក់នេះ។
កុមារី អាង សុជាតា ហៅឈូឈូ ជាក្មេងស្រីស្រលាញ់អាណិតម្តាយចេញថតចេញសម្តែងជួយ ម្តាយតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ហើយជាកូនសិស្សម្នាក់រៀនពូកែក្នុងសាលាប៊ែលធីខណៈមិត្ត ភ័ក្ត្រជាច្រើនស្រលាញ់រាប់អាននាង ក្រោមហេតុផលនាងជាមនុស្សចិត្តល្អ ចេះយកឧស្សាហ៍គេ មិនប្រកាន់វណ្ណៈ មើលងាយគេ៕







