ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ជន់លិចលំនៅ ឋាន របស់ពួកគាត់ ហើយត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ ជម្លៀសមកកាន់ទីទួលសុវត្ថិភាព រួចហើយបានទទួលការឧបត្ថម្ភ ជាបាយកញ្ចប់ ទឹកបរិសុទ្ធ ជាមួយនឹងការ ដាក់ស្នាក់នៅ ក្រោមរោងប្រក់តង់ ដែលរៀបចំឡើង ដោយអាជ្ញាធររាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ តុលា នេះ គឺក្រោយពីដើរចែកបាយកញ្ចប់ ជូនប្រជាពលរដ្ឋ គ្រប់គ្នាហើយ លោកក៏បានបន្តដំណើរ ដោយរថយន្ត របស់ទាហានជើងទឹក ដើម្បីពិនិត្យមើល ស្ថានភាពប្រជាពលរដ្ឋរងគ្រោះនៅតាមផ្ទះ ផ្លូវចំការដូង (២១៧) ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះ ដើម្បីបន្តកិច្ចការងារ លើការងារសង្គ្រោះ និងបានដឹងពី ស្ថានភាពពិតជាក់ស្តែង។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ នៅយប់នេះ កម្លាំងនឹងចេញល្បាត ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រួវ បើបងប្អូនប្រជាពលរដ្ឋ មិនទាន់ចេញពីផ្ទះ ហើយត្រូវការសង្គ្រោះបន្ទាន់ សូមបងប្អូន ទំនាក់ទំនង មកកាន់អាជ្ញាធរ សង្កាត់ស្ពានថ្ម ដែលមានលេខ 015 466654 \ 0974932111 និងលោក មេប៉ុស្តិ៍ លេខ 088 9554956 \ 0979595686 ។
បើតាមអាជ្ញាធរ បានបញ្ជាក់ថាៈ ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងតំបន់ខាងលើ មានចំនួន ២.៨០០ នាក់ ហើយក្នុងចំនួននេះ ចាប់តាំងពីយប់ ថ្ងៃទី១៤ តុលា រហូតមកដល់ព្រលប់ ថ្ងៃទី១៥ តុលា នេះ កម្លាំងយើងបានជម្លៀស ប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព បានប្រមាណ ២.០០០ នាក់ហើយ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី នៅពេលនេះ និងយប់នេះ អាជ្ញាធរ និងកងកម្លាំង បាននិងកំពុងបន្ត សកម្មភាពជួយសង្គ្រោះ យ៉ាងជាប់ដៃបន្តទៀត ៕/V
ដើម្បីពិនិត្យមើល ស្ថានភាពប្រជាពលរដ្ឋ រងគ្រោះនៅតាមផ្ទះ