ដោយកាំពី/ក្រចេះ៖ នៅល្ងាចថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តក្រចេះ និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមនិងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបង្សុកូល ឧទ្ទិសថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរ:ក្សត្រ ព្រះបរមរតនកោដ្ឋ ។ដោយមានការចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សា រួមនិងលោកស្រី និងលោក វ៉ា ថន អភិបាលខេត្ត រួមនិងលោកស្រីផង។

ពិធីបង្សុកូលថ្វាយព្រះរាជកុសលព្រះករុណាព្រះបរមរតនកោដ្ឋត្រូវបានប្រារព្វធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរ:ក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះរាជទិគុណដ៏ឧត្តុងឧត្តមនូវស្នាព្រះហស្ថ ។

ក្នុងការការពារនូវមរតកជាតិសាសនា ទុកសម្រាប់កូនចៅជំនាន់ក្រោយ គឺជោគជ័យនៃកម្ពុជា ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតផងដែរ ដោយក្នុងនោះរួមមាន ៖ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ។
សូមឱ្យមហាព្រះរាជកុសលផលបុណ្យ ដែលមន្ត្រីសង្ឃ អាជ្ញាធរខេត្ត និង ពុទ្ធបរិស័ទបានធ្វើនាពេលនេះ សូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ដោយសុខក្សេមក្សាន្តក្នុងទីឋានព្រះបរមសុខ និងសូមថែរក្សាប្រទេសកម្ពុជាទទួលបាន តែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។

ការបាត់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ។

ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ ។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ៕S/