ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពលរដ្ឋ និងកុមារ ប្រាំនាក់ទៀត ស្លាប់ដោយលង់ទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ តែ១ថ្ងៃ ក្នុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយកាសែតរស្មីកម្ពុជា កាលពីល្ងាច ថ្ងៃទី១៥ ខែតុលាថាៈ ជនរងគ្រោះឈ្មោះ ម៉ន វួន អាយុ ៤៥ ឆ្នាំ (ជាមនុស្សវិកលចរិក) បានលង់ទឹកស្លាប់ កាលពីម៉ោង ១២ ថ្ងៃត្រង់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ឯប្រជាពលរដ្ឋ នៅភូមិព្រៃវេង ឃុំគំរូ ដែលរងគ្រោះ លង់ទឹកជំនន់ មានឈ្មោះ លី សាង ភេទស្រី អាយុ៤៣ឆ្នាំ និងកូនឈ្មោះ ចយ អឿង អាយុ ១៨ ឆ្នាំ បានលង់ទឹកស្លាប់ តាំងពីម៉ោង ១២ រហូតមកដល់ពេលនេះ មិនទាន់រកឃើញសពនៅឡើយទេ។
ឯសមត្ថកិច្ច នៅស្រុកមង្គលបូរី បានអោយដឹងថាៈ នៅថ្ងៃនេះ ពលរដ្ឋម្នាក់ នៅឃុំតាឡំ បានលង់ទឹកស្លាប់ ហើយមានរូប តែមិនទាន់ស្គាល់ឈ្មោះ ។
ឯនៅស្រុកស្វាយចេក នាថ្ងៃទី១៥ តុលា នេះដែរ ក៏មានពលរដ្ឋម្នាក់ លង់ទឹកស្លាប់ នៅភូមិខ្វាវលិច ឃុំ-ស្រុកស្វាយចេក ក៏មិនទាន់ស្គាល់ឈ្មោះដែរ ៕/V


