ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបដិសេធចំពោះព័ត៌មាន ដែលថា មានសត្វក្រពើ រួចចេញពីកសិដ្ឋាន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាព័ត៌មានមិនពិតនោះទេ ។
ទាក់ទងព័ត៌មាន សត្វក្រពើ រួចចេញពីកសិដ្ឋាននេះ ត្រូវបានអ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បញ្ជាក់ថាៈ ព័ត៌មានដែលថា មានសត្វក្រពើ រួចចេញពីកសិដ្ឋាន មកខាងក្រៅ គឺមិនមែនជារឿង ពិតប្រាកដទេ គឺគ្រាន់តែចេញពីក្នុងអាង ដែលស្ថិតនៅក្នុងកសិដ្ឋាន តែវាស្ថិតនៅក្នុងការហ៊ុមព័ទ្ធ ដោយកសិដ្ឋានដដែល គឺមិនមានការចេញ មកខាងក្រៅទេ ។ ហើយវាពុំមានអ្វីជាការព្រួយបារម្ភ ទៅដល់ប្រជាពលរដ្ឋទេ។
អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ” ពិតជាមាន ប៉ុន្តែគ្រាន់តែចេញពីអាងមួយ ដែលនៅក្នុងកសិដ្ឋានធំ វាស្ថិតនៅក្នុង របងហ៊ុមព័ទ្ធទីតាំង របស់គេត្រឹមត្រូវ មិនមែនជាការបារម្ភទេ ” ។
ការបញ្ជាក់របស់ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានធ្វើឡើង បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក មួយចំនួន និងសារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយថា មានសត្វក្រពើ រួចចេញពីកសិដ្ឋានចិញ្ចឹម មកខាងក្រៅ ខណៈពេលដែល នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ កំពុងតែរងនូវ ការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋ នៅតំបន់នោះ មានការព្រួយបារម្ភ ពីសុវត្ថិភាព៕/V
