​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ភាគ​ខាងលើ​បន្ត​ស្រក ឯ​ព្យុះ​ថ្មី មិនដឹង​នៅឯណា​

436
ចែករម្លែក

ដោយៈ​ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ភាគ​ខាងលើ ក្នុង​ខេត្តកំពង់ស្ពឺ បាន​បន្ត​ស្រក​ចុះ តែ​នៅ​ទំនប់ ៧​មករា មិនទាន់បាន​ស្រក​ចុះ នៅឡើយ​ទេ តែ​ស្ថិតនៅ​ក្នុងស្ថានភាព គ្រប់គ្រង​បាន ឯ​ភ្លៀងរលឹម បាន​ធ្លាក់​មកលើ ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មាន​រយៈពេល​ច្រើន​ម៉ោង នៅ​ព្រលប់ ថ្ងៃទី​១៥ ខែតុលា ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​មួយ នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កំពុង​បន្ត​ស្ថិតនៅលើ ប្រទេស​កម្ពុជា​។​

​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅក្នុង​ខេត្តកំពង់ស្ពឺ គិត​ត្រឹម​ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​ពាម​ឃ្លៃ ដែលជា​ចំណុចប្រសព្វ នៃ​ស្ទឹង​ទាំង ៥ (​តា​សាល ឃ្លាច ស្វា​ស្លាប់ ស្រែខ្លុង និង​ស្ទឹង​កន្ទួត​) នៅ​ភាគ​ខាងលើ ស្ទឹង​ព្រែក​ត្នោត ទឹក​មាន កម្ពស់ ៦,៩៥ ម៉ែត្រ ទាប​ជាងកាលពីពេល​ព្រឹកថ្ងៃ​ដដែល ០,៥០ ម៉ែត្រ​។ នៅ​ទ្វារ​ទឹក​រលាំងជ្រៃ ទឹក​មាន​កម្ពស់ ៧,៣៨ ម៉ែត្រ ទាប​ជាង​កាលពី​ព្រឹក ថ្ងៃ​ដដែល ០,៥០​ម៉ែត្រ ។​

ឥទ្ធិពល​សម្ពាធ​ទាប​មួយ នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កំពុង​បន្ត​ស្ថិតនៅលើ ប្រទេស​កម្ពុជា

​ចំណែកឯ​នៅ​ទ្វារ​ទឹក ៧ មករា ត្រូវបាន​ក្រុមមន្ត្រី ប្រចាំការ បញ្ជាក់ថាៈ ទឹក​មិនទាន់​ស្រក​នៅឡើយ​ទេ តែ​ស្ថិតនៅ​ក្នុងស្ថានភាពគ្រប់គ្រង​បាន បន្ទាប់ពី​បាន​បើកទ្វារ​ទឹក នៅ​ពោះ​ស្ទឹងទាំងអស់​រួចមក​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ពង្រឹង​ការការពារ​ទំនប់​សណ្តស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ នៅ​ប្រទះ​ឡាង និង​សាក់​សំពៅ​។​

​ចំពោះ​ស្ថានភាព​ទឹក​វិញ បើ​យោងតាម​ព្រឹ​តិ​ប​ត្រ​ព័ត៌មាន និង​ព្យាករ កម្ពស់​ទឹក​របស់ ក្រសួង​ធនធានទឹក និង ឧតុនិយម ថ្ងៃទី​១៥ តុលា នេះ បង្ហាញឱ្យឃើញថា នៅ​ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៧,៧០ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ ខែតុលា ០,១៣ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ១,៥១ ម៉ែត្រ ។ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៧,១៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ ខែតុលា ០,៤២ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ១,៧១ ម៉ែត្រ ។ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ១០,៨៧ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤ ខែតុលា ០,២៥ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ ០,៣៧ ម៉ែត្រ​។ នៅ​ចតុ​មុខទឹក មាន​កម្ពស់ ៦,៥៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ ខែតុលា ០,១៨ ម៉ែត្រ ទាប​ជាង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ ២,៣០ ម៉ែត្រ​។ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់ ៤,៣៦ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​១៤ ខែតុលា ០,០៦​ម៉ែត្រ​។​

ឥទ្ធិពល​សម្ពាធ​ទាប​មួយ នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កំពុង​បន្ត​ស្ថិតនៅលើ ប្រទេស​កម្ពុជា

​រីឯ​ស្ថានភាព​អាកាសធាតុ នៅក្នុង​តំបន់ បើ​យោងទៅតាម ប្រភព​ឧតុនិយម​សំខាន់ៗ ឃើញថា គិត​មកដល់​ត្រឹម​ព្រលប់ ថ្ងៃទី​១៥ ខែតុលា នេះ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គេ​មិនទាន់​ឃើញ​មានបាតុភូត​អ្វី​ធំដុំកើតឡើង​លើសពី​វិ​សម្ពាធ​ធី​ឌី ( TD ) មួយ ដែល​កំពុង​រំ​កឹ​លម​ករក​ឆ្នេរ ភាគ​កណ្តាល​របស់ ប្រទេស​វៀតណាម ហើយ​អាច​បន្តដំណើរ កាត់​លើ​ខេត្តរតនគិរី តាម​ជួរ​ភ្នំ​ដងរែក ចូលដល់​តំបន់​ទំនាប​កណ្តាល ភាគ​ពាយព្យ នៅក្នុង​កម្រិត​ជា​សម្ពាធ​ទាប សកម្ម​ឬ​សម្ពាធ​ទាប​។​

​ប្រទេស​កម្ពុជា នៅវេលា​យប់​នេះ ស្ថិតក្រោម​ឥទ្ធិពលសម្ពាធ​ទាប​មួយ នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បង្កឱ្យមាន​ភ្លៀងរលឹម​មិន​ដាច់ មិនមែនជា​ឥទ្ធិពល​ព្យុះកំបុតត្បូង​អី​ទេ សូម​ពុក​ម៉ែ​បងប្អូន កូនក្មួយ កុំ​ទាន់​អាល​ជ្រួលជ្រើម តាម​ឮ​គេ​ថា​៕​/V/Ha

ស្ថានភាពទឹកជំនន់ នៅតាមសណ្ដស្ទឹងព្រែកត្នោត
ស្ថានភាពទឹកជំនន់ នៅតាមសណ្ដស្ទឹងព្រែកត្នោត
ស្ថានភាពទឹកជំនន់ នៅតាមសណ្ដស្ទឹងព្រែកត្នោត
ស្ថានភាពទឹកជំនន់ នៅតាមសណ្ដស្ទឹងព្រែកត្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម